សិល្បៈ​ជាតិ​៖ ជា​ការ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ​ នៅពេល​ដែល​ផលិតកម្ម​ Wonder Film Entertainment របស់​លោក​ សែម ស័ក្តិវិសាល បញ្ចេញ​រូប​ភាព​សន្លឹក​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​ចំណងជើងរឿង «សូម៉ា | SOMA» ​របស់​ខ្លួន ព្រោះ​មាន​អ្នក​សង្កេត​ឃើញ​ថា​មាន​វត្តមាន​បុរស​សង្ហា លាវ វេងហួរ ម្ចាស់​ជយលាភី​តំណែង​ឯក Mister Friendship International 2023 ចូល​រួមសម្ដែង​ក្នុង​ភាពយន្ត​នោះ​ដែរ​។

អ្នក​សារព័ត៌មាន​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ វណ្ណកម្មថ្មីជា​ស្នាដៃ​ផលិត​របស់​ Wonder Film ​ដែលត្រៀម​បញ្ចាំង​លើ​ផ្ទាំង​សំពត់​​ឆាប់​ៗខាង​មុខ​​នេះ​ គឺ​មាន​ការ​ចូលរួម​សម្ដែង​រួម​គ្នា​រវាង​ លោក លាវ វេងហួរ និង កញ្ញា ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer) ម្ចាស់ជយលាភី 1st Runner up Miss Supranational Cambodia 2023 ដែល​ជា​បេក្ខភាព​ដ៏​លេចធ្លោ​មួយ​រូប​។

ត្បិត​ថា​ផលិតកម្ម​ Wonder Film បាន​បញ្ចេញ​រូប​ភាព​ក្រៅ​ឆាកនៃ​ឈុត​ឆាក​ខ្លះៗ​ដែល​មាន លាវ វេងហួរ​ និង​ កញ្ញា ខេម៉ា សម្ដែង​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​សាច់​រឿង​នេះ​អ្នក​ទាំង​ពីរ​នឹង​សម្ដែង​ជា​តួអង្គ​អ្វី ហើយ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​កម្រិត​ណាមួយ​នោះ​។

ប៉ុន្តែតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក រឿង : សូម៉ា SOMA បង្ហាញឱ្យដឹងថា ខេម៉ា ទំនងសម្តែងជាតួអង្គនារីក្រីក្រម្នាក់ ដែលម្ដាយមានបញ្ហាភ្នែក ប្អូនស្រីមហារីកស្បែកក្បាល។

គួរដឹងដែរថា​ លាវ វេងហួរ គឺជា​ម្ចាស់​ជ័យលាភី Mister Friendship Cambodia ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ ខេត្ត ខនកេន ប្រទេស​ថៃ​ ហើយ​ដណ្ដើម​បាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​មួយ​ជា​ Mister Friend Ship International ប្រចាំ​ឆ្នាំ​២០២៣ ផង​ដែរ៕​

Share.