មេរោគបំបែ្លងថ្មី Lambda ចាប់ផ្ដើមវាយលុកចូលប្រទេសក្នុងតំបន់អាស៊ានហើយ ដែលប្រទេសដំបូងដែលមានករណីឆ្លងមុនគេគឺប្រទេសហ្វីលីពីន។

ស្របពេលដែលប្រទេសហ្វីលីពីនកំពុងប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ១៩ និង មេរោគបំប្លែងថ្មី Delta ពេលនេះមេរោគបំប្លែងថ្មីមួយទៀតដែលមានសមត្ថភាពឆ្លងលឿន និង សាហាវជាង ប្រភេទ Lambda បានចាប់ផ្ដើមវាយលុកប្រទេសហ្វីលីពីនជាលើកដំបូង។

នាយកដ្ឋានសុខភាពរបស់ប្រទេសហ្វីលីពីនបានប្រកាសថា មេរោគដ៏សាហាវនេះបានវាយលុកចូលប្រទេស ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ទី ១៥ ខែ សីហា ឆ្នាំ២០២១។ នាយកដ្ឋានសុខភាពហ្វីលីពីន បានឲ្យដឹងថា មេរោគប្រភេទ Lambda នេះបានរកឃើញនៅលើស្ត្រីអាយុ ៣៥ឆ្នាំម្នាក់ ដោយនាយកដ្ឋានកំពុងតែផ្ទៀងផ្ទាត់ថាការឆ្លងមេរោគបំប្លែងថ្មីប្រភេទ Lambda នេះគឺជាការឆ្លងក្នុងប្រទេស រឺ ឆ្លងពីក្រៅប្រទេស គេកំពុងតែធ្វើការស៊ើបអង្កេតថា​ តើនារីម្នាក់នេះជាប្រជាជនហ្វីពីលីនក្នុងស្រុក រឺ​ក៏ប្រជាជនហ្វីលីពីនដែលវិលត្រឡប់ពីក្រៅប្រទេស។

នាយកដ្ឋានសុខភាពហ្វីលីពីនបានឲ្យដឹងទៀតថា មេរោគ Lambda មានសក្ដានុពលក្នុងការជះឥទ្ធិពលដល់ការចម្លងមេរោគ SARS-CoV-2 ហើយបច្ចុប្បន្នកំពុងតែត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ និង ពិនិត្យលើករណីនេះឲ្យបានម៉ត់ចត់ដើម្បីកុំឲ្យមេរោគនេះឆ្លងកាន់តែច្រើន។

ប្រទេសហ្វីលីពីនបានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី Delta ចំនួន ១៨២ករណីបន្ថែម ខណៈដែលប្រទេសនេះមានករណីឆ្លងមេរោគ Delta សរុបចំនួន ៨០៧ករណី និងមានករណីឆ្លងកូវីដ១៩ សរុបចំនួនជាង ១លាននាក់។

ជារួមប្រទេសហ្វីលីពីនបានប្រកាសរូចហើយថា ប្រទេសខ្លួនធ្លាប់បានឆ្លងមេរោគបំប្លែងជាច្រើនប្រភេទរួចមកហើយ។ ដោយយោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាពហ្វីលីពីនបានបង្ហាញថា ក្នុងប្រទេសមានមនុស្សចំនួន ៤១នាក់ ឆ្លងមេរោគបំប្លែងថ្មីប្រភេទ Alpha ខណៈមនុស្សច្រើនជាង ៦៦នាក់ផ្សេងទៀតបានឆ្លងមេរោគបំប្លែង Beta និងមនុស្សចំនួន ៤០នាក់ បានឆ្លងមេរោគប្រភេទ P.3 ហើយពេលនេះមេរោគ Lambda បានចាប់ផ្ដើមវាយលុកចំនួន ១ករណីទៀត៕

Telegram-Troryorng

Share.