ថ្ងៃ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤នេះ គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលជាបុណ្យមួយដ៏មានសារៈសំខាន់នៅក្នុងពុទ្ធសាសនាហើយត្រូវបានខ្មែរយើងប្រារព្ធធ្វើជាយូរលង់ណាស់មកហើយដែរ។

តើបុណ្យមាឃបូជាក្លាយជាបុណ្យជាតិតាំងពីពេលណា?

បុណ្យមាឃបូជា ត្រូវបានរាជរដ្ឋាភិបាលនៃព្រះករុណាព្រះបាទស៊ីសុវត្ថិមុនីវង្ស កំណត់ជាបុណ្យជាតិផ្នែកព្រះពុទ្ធសាសនា ហើយព្រះរាជាទ្រង់សព្វរាជហឫទ័យបូជានូវគ្រឿងសក្ការៈជាហូរហែរ ចំពោះព្រះរតនត្រៃ ដូចមានកំណត់ត្រាក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស។ បើតាមពិតទៅ មាឃបូជានេះគេឃើញមានប្រារព្ធតាំងតែពី​រជ្ជកាល​នៃ​ព្រះបាទ​ហិ​រ​រក្ស​រាមា​ធិបតី ព្រះបាទ​អង្គឌួងមកម្លេះ។ ហើយពីមុននេះ ក៏មិនដឹងថាមានប្រារព្វ ឬយ៉ាងណានោះទេ ព្រោះប្រទេសកម្ពុជាបានឋិតយុគអន្ធការ ងងឹតសូន្យសុង។

ដល់ឆ្នាំ១៩៩៩ សមាជិក​អង្គការ​សហ​ប្រជា​តិ​បានអនុម័ត​ជា​ឯកច្ឆន្ទ បានទទួល​ស្គាល់​និង​ចាត់ទុក​បុណ្យ​វិសាខបូជា ក៏ដូចជា​បុណ្យមាឃបូជា​របស់​ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ដែល​អនុញ្ញាតិ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធ​សាសន​អាច​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​បាន។

ក្រោយពីរបបខ្មែរក្រហបដួលរលំ ព្រះពុទ្ធសាសនាក៏មានវិត្តមានលើទឹកដីកម្ពុជាឡើងវិញ។ បុណ្យមាឃបូជា ក៏ដូចជាវិសាខបូជា និងបុណ្យប្រពៃណីព្រះពុទ្ធសាសនានានាក៏ត្រូវបានប្រជាជនខ្មែរប្ររព្ធឡើងវិញទូទាំងប្រទេស។

បុណ្យវិសាឃបូជាមានអត្ថន័យយ៉ាងណា?

វិសាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍័ធំៗ៣ នៃព្រះពុទ្ធសាសនា ក្នុងនោះមានដូជា ព្រឹត្តិការណ៍ចតុរង្គសន្និបាត១ ព្រះពុទ្ធទ្រង់សម្ដែងឱវាទបាទិមោក្ខ១ និង ព្រះពុទ្ធសមណគោត្តមទ្រង់កំណត់ព្រះជន្មាយុសង្ខារអង្គឯង១។

តើព្រឹត្តិការណ៍ទាំង៣មានខ្លឹមសារដូចម្ដេចខ្លះ?

ទី១៖ ព្រឹត្តិការណ៍ចតុរង្គសន្និបាត គឺមហាសន្និបានប្រកបដោយអង្គបួន មាន៖

(មាឃនក្ខត្តេ បុណ្ណចន្ទោ) ជាថ្ងៃពេញបូណ៌មី ខែមាឃ ព្រះច័ន្ទពេញវង់មានរស្មីមហោភាស

(សព្វេ អនិមន្តិតា) ជា​ថ្ងៃ​ដែល​ព្រះ​ភិក្ខុសង្ឃ​ទាំងឡាយ ១២៥០អង្គ ​មកប្រជុំគ្នា​ដោយ​មិន​មានការ​ណាត់គ្នា ក្នុងសំណាក់​ព្រះសម្មាសម្ពុទ្ធ​នៅ​ថ្ងៃ​តែមួយ​ព្រម​គ្នា ដោយមិនបានណាត់គ្នាជាមុន

(សព្វេ ខីណាសវា) ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធសឹង​ជា​ព្រះអរហន្ត​ទាំងអស់ ដែល​បានសម្រេច​នូវ​អភិញ្ញា៦

(សព្វេ ឯហិភិក្ខុកា) ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ សុទ្ធសឹងតែ​ជា​ឯ​ហិ​ភិក្ខុ​ទាំងអស់

ទី២៖ ព្រះពុទ្ធទ្រង់សម្ដែងឱវាទបាទិមោក្ខ គឺប្រៀបបាននឹងប្រកាសឡើងនូវព្រះពុទ្ធសាសនា ដោយក្នុងវេលានោះព្រះពុទ្ធសមណគោត្តមទ្រង់បានប្រទានឱវាទ ដែលរាប់ទៅមាន៣គាថាកន្លះ ចែកចេញជា១១ចំណុច។

១. មិនប្រព្រឹត្តអំពើបាបទាំងឡាយ

២. បំពេញនូវបុណ្យកុសលល្អបរិបូណ៌

៣. ជម្រះចិត្តឲ្យជ្រះថ្លាស្អាតល្អផូរផង់

៤. សេចក្ដីអត់ធន់ ជាធម៌កម្ចាត់សៅហ្មងក្នុងចិត្ត

៥. ព្រះពុទ្ធទាំងឡាយ តែងសម្ដែងថា និព្វានជាធម៌ឧត្តម

៦. បុគ្គលដែលសម្រាប់សត្វដទៃ មិនមែនជាបព្វជិត ហើយបុគ្គលបៀតបៀនសត្វដទៃក៏មិនជាសមណៈឡើយ

៧. កុំពោលតិះដៀន និងកុំបៀតបៀនអ្នកដទៃ

៨. ត្រូវសង្រួមក្នុងបាដិមោក្ខ គឺគោលការណ៍ទាំង១១នេះ

៩. ត្រូវចេះប្រមាណក្នុងភត្តាហារ គឺការទទួលទានត្រឹមត្រូវ

១០. អាស្រ័យទីដេក និងទីអង្គុយស្ងប់ស្ងាត់

១១. ព្យាយាមក្នុងអធិចិត្ត គឺការព្យាយាមធ្វើចិត្តឲ្យស្ងប់ មានសមាធិចិត្ត

ទី៣ និង ព្រះពុទ្ធសមណគោត្តមទ្រង់កំណត់ព្រះជន្មាយុសង្ខារអង្គឯង គឺ​ទ្រង់​កំណត់​ថ្ងៃ ឬពោលម្យ៉ាងទៀតថា ព្រះអង្គទ្រង់ជ្រាបពីកាល ដែល​ទ្រង់​នឹង​រំលត់​ខន្ធ​ចូលកាន់​មហា​បរិនិព្វាន ដែល​ជាការ​លាចាក​លោក​នេះ ដោយ​ពុំមាន​ការវិលត្រឡប់​វិញ ជាការ​លាចាក​សង្សារវដ្ដ ដោយ​ពុំមាន​អាឡោះអាល័យ ព្រោះ​ផ្លូវ​ដែល​ព្រះអង្គ​យាង​ទៅ ជា​ផ្លូវ​សុខ​ស្ងប់​ប្រាសចាក​ទុក្ខ​ទាំងពួង។

ព្រះពុទ្ធសមណគោត្តមបរិនិព្វាននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា​​។​ ទ្រង់ក៏ជ្រាប់ថា សាសនាព្រះនឹងបន្តទៅបាន៥០០០ឆ្នាំទៀត ហើយក៏ផុតរលត់ទៅ រហូតដល់ព្រះពុទ្ធព្រះនាមសិអារ្យមេត្រី ត្រាស់ដឹងនូវសព្វយុត្តញ្ញាណទើមមានព្រះពុទ្ធសាសនាថ្មីទៀត៕

Share.