ដោយមានកិច្ចសហការ ជាមួយក្រុមហ៊ុន Google និង YouTube ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)» តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីព្រឹក។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ៖

  • ជំរុញឲ្យមានការផលិតមាតិកាវីដេអូ កាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយ ដល់ការផលិតមាតិកាវីដេអូប្រកប ដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។
  • ផ្តល់ឱកាសឲ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ ការផលិតមាតិកាដែលអាចរកចំណូលបាន។
  • ទទួលបានការចែករំលែកបទពិសោធល្អៗ ពីអ្នកផលិតមាតិកា YouTube ល្បីៗ ដែលមានអ្នកគាំទ្រ (Subscriber) ច្រើន នៅក្នុងនិងក្រៅប្រទេស។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការ រដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញ របស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុង និងក្រៅប្រទេសផងដែរ។

ដើម្បីចូលរួមសិក្ខាសាលាអនឡាញនេះ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានហ្វេសប៊ុក «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍-Ministry of Post and Telecommunications» ឬតេឡេក្រាម t.me/mptcgovkh៕

Share.