សៀមរាប ៖ បុរសម្នាក់ ក្រៅពីការងារស្រែចំការ ឆ្លៀតដើររកចាប់កូនសត្វ សេក សារិកាកែវ ទៅលក់ ជាអកុសល ខណៈដែលឡើងទៅយកកូនសារិកាកែវ លើដើមចំបក់ ភ្លាត់ស្នៀរបូតដៃធ្លាក់ បណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចអាជ្ញារាម ស្ថិតក្នុងភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះមាន ឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះ គី មុឺយ អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ។

តាមការបំភ្លឺពីប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ប្តីរបស់គាត់ជិះម៉ូតូ ទៅចំណុចខាងលើ ក្នុងគោលបំណងឡើងយកកូនសារិកាកែវ នៅសម្បុកលើចុងចំបក់ ស្រាប់តែអ្នកភូមិឆ្លងកាត់ប្រទះឃើញ ថាធ្លាក់ពីលើចុងចំបក់ស្លាប់ ទើបផ្អើលឆោឡោ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថា ក្បាលខាងមុខបែកលលាដ៍ ចេញខួរក្បាល បាក់ឆ្អឹងជំនីខាងស្តាំទាំងអស់ តាមការសិន្និដ្ឋាន ជនរងគ្រោះធ្លាក់ពីលើចុងឈើ រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសនជ័យ

Share.