ភ្នំពេញ ៖ រថយន្តមួយគ្រឿងប្រភេទសាំយ៉ុង កំពុងបើកបរសុខៗ ស្រាប់តែឆ្លងចរន្តភ្លើងឆេះផ្នែកខាងមុខ ផ្អើលប្រជាពលរដ្ឋ អ្នកជិះនាំគ្នាចុះពន្លត់ភ្លើង រងខូចខាតផ្នែកខាងមុខ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ កាលពីវេលាម៉ោង៥និង៣៧នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកជិះលើរថយន្តបានឱ្យដឹងថា ពួកគាត់ធ្វើដំណើរតាមរថយន្តឈ្នួលខាងលើម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-3740 ដឹកបន្លែពីខេត្តកំពតទៅលក់នៅផ្សារដើមគរាល់ព្រឹក ស្រាប់តែព្រឹកនេះ ខណៈដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ទើបដល់ចំណុចខាងលើ រថយន្តឆ្លងចរន្តភ្លើងឆេះហុយផ្សែងខ្មួល ផ្អើលនាំគ្នារត់ចុះ ពលរដ្ឋក្បែរនោះ ជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ផង ដងទឹកជះផង ទាល់តែផ្តាច់ខ្សែក្បាលអាគុយ ទើបភ្លើងរលត់ទៅវិញ ខូចខាតផ្នែកខាងក្នុងមួយកំណាត់មុខ តែមិនបង្កឱ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ នាំគ្នារើបន្លែ ចេញបន្តដាក់ម៉ូតូកង់បី ទៅរៀងខ្លួន ចំណែករថយន្តម្ចាស់រងចាំអូសយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.