ព្រៃវែង ៖ បុរសម្នាក់ចេញទៅតរាយខ្សែលួសឆក់កណ្តុរ នៅស្រែប្រាំង បាត់តាំងពីយប់ មិនឃើញវិលទៅផ្ទះ រហូតដល់ព្រឹកឡើង ក្រុមគ្រួសារទៅតាមរកមើល ស្រាប់តែប្រទះឃើញដេកស្លាប់ ដោយសារដើរទាក់ខ្សែលួសឆក់ខ្លួនឯងស្លាប់ទៅវិញ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវាលស្រែប្រាំង ក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សពជនរងគ្រោះ មានឈ្មោះ សុឹង សេន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ បានយកសម្ភារៈ ឧបករណ៍ តរាយខ្សែលួស ឆក់កណ្តុរ នៅវាលស្រែប្រាំងរបស់គាត់ រហូតដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ទៅហើយ មិនឃើញជនរងគ្រោះវិលត្រឡប់ទៅផ្ទះ ទើបក្រុមគ្រួសារ ទៅតាមរកមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ជើងរុំជាប់ខ្សែលួស ដែលតរាយឆក់កណ្តុរទៅវិញ បង្កឱ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យ ការស្និដ្ឋាន ជនរងគ្រោះ ពេលដែលតរាយខ្សែលួស ភ្ជាប់ចរន្តភ្លើងហើយ ដើរមើលក្រែងឆក់ជាប់កណ្តុរ ភ្លាត់ស្នៀត រអិលជើងទៅប៉ះខ្សែលួស បណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.