ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបមួយគ្រឿង បើកលឿនជ្រុលបុកគ្នាជាមួយរថយន្ត RAV4 បើកបរដោយជនជាតិចិន លឿនដូចគ្នា បណ្តាលឱ្យកៀបជាប់គ្នារងខូចខាតសងខាង របួសបុរសជនជាតិចិនម្នាក់ បែកលើផ្ទៃមុខ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ហុីយ៉ាន់ដាយ ឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-7082 បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ម៉ាក RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-4503 បើកបរដោយបុរសជនជាតិចិន លឿនពីកើតទៅលិច បណ្តាលឱ្យកៀបជាប់គ្នារងខូចខាតសងខាង រងរបួសជនជាតិចិនម្នាក់ បែកលើផ្ទៃមុខ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបាន ជនជាតិចិនដូចគ្នាដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅពេទ្យ ។ រីឯរថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅអន្តរាគមន៍ យកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រងចាំតំណាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.