ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ជិះម៉ូតូហុងដាគុប៧៩ មានឌុបអុីវ៉ាន់ រយីងរយោងហើយប្រើប្រាស់ជាត់ស្រវឹងទៀត ជាប់ដៃចង្កូត ជ្រុលទៅបុកខឿនបង្កាន់ដៃស្ពានអាកាស ដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើស្ពានអាកាសចោមចៅ គន្លងផ្លូវជាតិលេខ៣ទៅផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះគៀត គា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅម្តុំផ្លូវរថភ្លើង ភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯខេត្តតាកែវ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាគុប៧៩ មូល ពណ៌ក្រហម មានឌុបអុីវ៉ាន់ រយីងរយោង ដាក់កង្ហាមួយគ្រឿងនៅពីមុខផង ហើយប្រើប្រាស់ជាតិស្រវឹងទៀត ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឡើងឆ្លងកាត់ស្ពានអាកាសចោមចៅឆ្ពោះទៅផ្លូវសហព័ន្ធរុស្សុី ទើបតែជិះឡើងស្ពានបានបន្តិច ស្រាប់តែជាប់ដៃចង្កូតជាមួយកង្ហា ធ្វើឱ្យកាច់មិនកើត ជ្រុលបុកខឿនបង្កាន់ដៃស្ពានតែម្តង ដួលរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី២៕

អត្ថបទ៖ តាតុងសែនជ័យ

Share.