ភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះមានក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ចំណែក២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បីមួយគ្រឿងបើកបរល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ហើយក្រឡាប់ក្រឡាប់បោកផ្ទប់សសរសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបាក់ រងរបួសធ្ងន់ស្រាល៥នាក់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ភាគីម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-0254 អ្នកបើកឈ្មោះ ហ៊ុន សោភ័ណ្ឌ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី (រងរបួសធ្ងន់ ) រួមដំណើរជាមួយប្រពន្ធ ឈ្មោះ ឃុន ហុង ភេទស្រី អាយុ៣០ឆ្នាំ (របួសធ្ងន់បាក់ជើងឆ្វេង ) ទាំង២នាក់ស្នាក់នៅផ្ទះជួល ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិត្រាវ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំណែកភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5072 បើកដោយឈ្មោះ ឌុច ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ (របួសស្រាល) រួមដំណើរជាមួយកូនប្រុស២នាក់ ឈ្មោះ ឌុច ផាណា អាយុ១៣ឆ្នាំ (រងរបួសខ្នងស្រាល) , ឈ្មោះ ឌុច ផាន្នី អាយុ៥ឆ្នាំ (រងរបួសធ្ងន់ ក្បាល ខ្នង ) ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ ម៉ូតូកង់បីបើកបរល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បម្រុងវ៉ាជែង បែជាជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ក្រឡាប់បោកផ្ទប់សសរសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបាក់ រងរបួសធ្ងន់២នាក់ប្តីប្រពន្ធ ចំណែកខាងម៉ូតូ រងរបួសធ្ងន់កូនតូចម្នាក់ របួសស្រាល២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកក្មេងប្រុសរងគ្រោះ២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មួយគ្រឿងទៀតដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា
។ ចំណែកម៉ូតូកង់បីខូចខាតខ្ទេច និងម៉ូតូ ខ្ទេចផ្នែកខាងក្រោយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.