ស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ ស្រី១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសំណុំរឿងរក្សាទុក ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ក្រោយពីបង្ក្រាបចាប់ខ្លួនបាននៅក្រុងបាវិត។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវ និងមានការសម្របសម្រួលពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ផងនោះ ក្នុងរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជាលទ្ធផលបង្ក្រាបចាប់ខ្លួនបានជនសង្ស័យជាជនជាតិវៀតណាមចំនួន៤នាក់ ដកហូតបាន ៖ ថ្នាំញៀន មេតំហ្វេតាមីនចំនួន៤៤កញ្ចប់ ,ប្រភេទកេតាមីន ចំនួន០៧កញ្ចប់ , ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាប់ ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២គ្រាប់ ,ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ , ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញាទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ , អុិចស្តាសុីគ្រាប់ទម្ងន់០,២៨ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង , អាវុធខ្លី ចំនួន៣ដើម បង់១ គ្រាប់២១គ្រាប់ ,ទូរស័ព្ទដៃចំនួន៤គ្រឿង ,ម៉ូតូចំនួន៨គ្រឿង ,ប្រាក់ដូល្លារចំនួន១៨៤០ដុល្លារ , កាតធនាគារ៥ ,លិខិតឆ្លងដែន២ក្បាល ,អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម ៧សន្លឹក។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី២ ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៣ ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ទី៤ ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យបន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.