ទីក្រុងដាកា៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែស បាននិយាយថា អគ្គីភ័យដ៏ធំមួយ បានឆាបឆេះអគារកម្ពស់៦ជាន់ ក្នុងរដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងមនុស្ស ២២នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា អគ្គិភ័យ​នេះបានចាប់ផ្ដើម​ចេញ​ពី​ភោជនីយដ្ឋាន​មួយកន្លែង ហើយ​បាន​រាលដាល​យ៉ាង​លឿន​ទៅ​ជាន់​ផ្សេង​ៗទៀតនៃអគារ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Samanta Lal Sen បានទៅសួរសុខទុក្ខអ្នករងរបួសដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Dhaka Medical College Hospital។ លោក Samanta ​បន្ថែមថា មនុស្ស​ទាំង ២២នាក់​ដែលកំពុងព្យាបាលនេះស្ថិតក្នុងស្ថានភាព​រលាកស្បែក​ធ្ងន់ធ្ងរ។

យ៉ាងណាម៉ិញភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ទេថា មូលហេតុនៃអគ្គិភ័យនេះបណ្តាលមកពីអ្វីនៅឡើយទេ ខណៈវាកំពុងស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីមានការខិតខំប្រឹងប្រែងបាញ់ពន្លត់ និងជួយសង្រ្គោះអស់ ២ម៉ោង ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ១៣គ្រឿង។ មន្ត្រី​សេវា​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​រថយន្ត​ស្ទូច​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ពីលើ​អគារ​ដែល​បានឆាបឆេះ​។

បើតាមនាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យ និងការពារជនស៊ីវិលបង់ក្លាដែស លោកឧត្តមសេនីយ៍ទោ Main Uddin បាននិយាយថា អគ្គីភ័យអាចផ្តើមចេញពីការលេចធ្លាយឧស្ម័ន ឬចង្ក្រាន។ លោកបានប្រាប់អ្នកយកព័ត៌មានថា «វាជាអគារដ៏គ្រោះថ្នាក់ដែលមានស៊ីឡាំងឧស្ម័ន នៅគ្រប់ជាន់ទាំងអស់ សូម្បីតែនៅលើជណ្តើរ»។

សូមជម្រាបថា គ្រោះអគ្គីភ័យ គឺជារឿងធម្មតានៅក្នុងទីក្រុង Dhaka ដែលមានប្រជាជនរស់នៅច្រើនកុះករ ដែលបានជួបប្រទះនឹងការរីកដុះដាលនៃអគារថ្មីៗ ដែលជារឿយៗត្រូវបានសាងសង់ដោយគ្មានវិធានការសុវត្ថិភាពត្រឹមត្រូវតាមស្ដង់ដារ ដោយកន្លងមកអគ្គីភ័យ​ និង​ការ​ផ្ទុះ​បាន​កើត​ឡើង​ដោយ​សារ​តែទុស្សេ​ស៊ីឡាំង ម៉ាស៊ីន​ត្រជាក់ និង​ការតរាយខ្សែ​ភ្លើង​មិន​បានល្អ៕

ប្រភព៖ CNA

Share.