ភ្នំពេញ ៖ ម៉ូតូហុងដាវ៉េវមួយគ្រឿង ជិះដោយបុរសចំណាស់ម្នាក់ ឌុបប្រពន្ធ កំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានរថយន្តកូរ៉េ បើកលឿនវ៉ាជែងជ្រុល កៀរដួលរងរបួសធ្ងន់ បាក់ដៃបាក់ជើង អ្នកបើករថយន្តចុះដើរមកអើតមើល ឃើញរបួសធ្ងន់ ឡើងបើករថយន្តចាកចេញទៅបាត់ តែជនរងគ្រោះទាញទូរស័ព្ទថតបានស្លាកលេខរថយន្តបង្ក ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវលេខ105K ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ សុខ សារ៉េត ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមន្ត្រីរាជការ ទី២ ឈ្មោះ សុខ សីហា ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅផ្ទះលេខ៣៥អាអុឺ០ ផ្លូវលេខ២៣០ ភូមិ១៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-9638 ជិះឌុបប្រពន្ធ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ទ្រុងពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1142 បើកបរល្បឿនលឿន ពីត្បូងទៅជើង វ៉ាជែងជ្រុលទៅកៀរម៉ូតូ បណ្តាលឱ្យដួលរងរបួស ប្រពន្ធបាក់ជើង ប្តីបាក់ដៃ ហើយអ្នកបើកបររថយន្តចុះមកអើតមើល គ្រាន់តែឃើញរបួសធ្ងន់ ឡើងបើករថយន្តចាកចេញទៅបាត់ តែជនរងគ្រោះយកទូរស័ព្ទថតបានស្លាកលេខរថយន្តបង្ក ទុកប្តឹងសមត្ថកិច្ច ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តាមការស្នើសុំរបស់ជនរងគ្រោះ ។ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តធ្វើការស្រាវជ្រាវ តាមបណ្តឹងជនរងគ្រោះ ៕

Share.