ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ជិះម៉ូតូស្កុបពីលឿនវ៉ាជែង ចាប់ហ្វ្រាំងមុខបោកដួលចូលពីមុខរថយន្តSIENNA កិនស្លាប់ភ្លាមៗនៅកន្លែង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JH-1854 ជិះដោយជនរងគ្រោះ មានឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅក្នុងភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ស្លាប់ភ្លាមៗនៅកន្លែង ។ ចំណែកភាគីខាងរថយន្ត ម៉ាកSIENNA ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-4491 បើកបរដោយឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្តតាក់សុី មានទីលំនៅក្នុងភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកពីកើតទៅលិច ដល់ចំណុចកើតហេតុ យុវជនរងគ្រោះជិះម៉ូតូលឿន វ៉ាជែងរថយន្ត លុះដល់ឃើញមានរថយន្តមកពីខាងមុខ ចាប់ហ្វ្រាំងមុខ បណ្តាលឱ្យដួលចូលពីមុខរថយន្តSIENNA កិនស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការក្រុងភ្នំពេញ វាសើវែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.