សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចតេជោប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀនប៉ៃលិន នៅ តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលAKP។

ប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពី ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន)និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ ពីថ្ងៃ ទី១៨ ខែសីហា នេះតទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមការងារកំពុងតែសិក្សាពីតម្លៃ ដែលត្រូវប្រមូលទិញ នៅឡើយ ហើយបន្ទាប់ពីប្រមូលទិញបាន ផ្លែមៀនប៉ៃលិនទាំងនេះ នឹងផ្តល់ជូនទៅដល់ គោលដៅដែលបានកំណត់រួចហើយ។

បើតាមទីភ្នាក់ងារAKP ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ មៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ដោយសារតែប្រទេសថៃ បាន បិទទីផ្សារនាំចូលពីកម្ពុជា។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីពេលថ្មីៗនេះក៏បានអំពាវនាវឲ្យពលរដ្ឋជួយទិញមៀនប៉ៃលិនពីពលរដ្ឋខ្មែរ ផងដែរ ដើម្បីបង្ហាញស្មារតីខ្មែរជួយខ្មែរ៕

Share.