ភ្នំពេញ ៖ សង្សារមួយគូ ជួបសំណាងល្អ តែភ័យព្រលឹងចុងសក់ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាលើផ្លូវបញ្ច្រាស ឆ្ពោះទៅរោងចក្រ ស្រាប់តែរថយន្តសុីទែនដឹកទឹកមួយគ្រឿង បើកមកពីមុខរេចង្កូតបុកខឿនចិញ្ចើមផ្លូវ ក្រឡាប់សង្កត់ជាប់ពីលើម៉ូតូ ធ្វើឱ្យគូស្នេហ៍លោតផុត ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ឃឹម សុផល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ និងនារីម្នាក់ជាគូសង្សារ អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិឫស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-5296 ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់ទាំង២នាក់ ជិះម៉ូតូឌុបគ្នា ទៅធ្វើការរោងចក្រវេនយប់ ជិះដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវជិះលើគន្លងបញ្ច្រាស ពីជើងទៅត្បូង ងាយចូលច្រករោងចក្រ ស្រាប់តែរថយន្តសុីទែនដឹកទឹកមួយគ្រឿង ពណ៌ក្រហម របស់ក្រុមហ៊ុនផែស្ងួតក្បែរនោះ បើកពីត្បូងទៅជើង រេចង្កូតបុកខឿនចិញ្ចើមផ្លូវ ហើយក្រឡាប់សង្កត់ជាប់ពីលើម៉ូតូ សំណាងល្អពួកគេទាំង២នាក់ លោតផុតបានមុន ទើបមិនមានរងរបួស គ្រាន់តែភ័យព្រលឹងចុងសក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ឱ្យយករថយន្តស្ទូចរបស់ក្រុមហ៊ុនទៅលើករថយន្តចេញ និងឱ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយចេញថ្លៃជួសជុលម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.