ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកើតមានអាការៈមិនស្រួលខ្លួន ថប់ៗដង្ហើម ចូលបន្ទប់ទឹកស្រាប់តែគាំងបេះដូងស្លាប់ ទោះជាក្រុមគនរួសារហៅរថយន្តសង្គ្រោះ ក្រុមគ្រូពេទ្យឱ្យជួយមិនទាន់ផង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ 2B1E០ ផ្លូវលេខ២ បុរីលឹមឈាងហោ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ហួន ច័ន្ទចេស្ដា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកន្លែងកើតហេតុ មានស្រុកកំណើត សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានប្រាប់ប្រពន្ធថា មិនស្រួលខ្លួន ថប់ៗដង្ហើម វិលមុខ នៅដេកសម្រាកបន្ទប់ជាន់ឡៅតឿ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮសូរសម្លេងស្រែកហៅឱ្យជួយ ប្រពន្ធរត់ឡើងទៅមើល ឃើញជនរងគ្រោះដេកស្តូកស្តឹងទៅហើយ ផ្អើលឆោឡោ ហៅរថយន្តសង្គ្រោះឱ្យជួយ លុះដល់រថយន្តសង្គ្រោះ ក្រុមគ្រូពេទ្យទៅដល់ពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.