ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្តLAND CRUISER បើកបុកជាមួយម៉ូតូហុងដាឌ្រីមជិះឆ្លងផ្លូវ កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ង៉ែត ប៊ុនហេង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-5597 ឆ្លងផ្លូវពីកើតទៅលិច មិនទាន់ផុតផង ត្រូវបានរថយន្ត ម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8388 បើកបរល្បឿនលឿនពីជើងទៅត្បូង ជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.