សិល្បៈជាតិ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល ថែមទាំងខ្លោចចិត្តចំពោះតារាចម្រៀង ស៊ូ ស៊ីរីកា និងម្ដាយធំជាតារាកំប្លែង កំពុងតែស្រែករកជំនួយផ្លូវច្បាប់ទាមទារយុត្តិធម៌នៅក្នុងលិខិតបណ្តាំមរតករបស់លោកយាយ កែវ មន្ថា ក្រោយត្រូវបានគេប្លន់យកមរតកពីខ្លួន។ សំណុំរឿងនេះបានបន្តនីតិវិធីដល់ដៃតុលាការឧទ្ធរទៅហើយ ប៉ុន្តែហាក់ដូចស្រអាប់ពន្លឺយុត្តិធម៌ទៅវិញ។

តាមតារាកំប្លែង ជុំ រស្មី ហៅស្រីទូច បានបង្ហាញអារម្មណ៍ឈឺចាប់ដោយបានបញ្ជាក់ថា អ្នកស្រី និងសមាជិកក្រុមគ្រួសារបានខិតខំអស់ពីលទ្ធភាពហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវតុលាការជាមួយនឹងភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតរបស់អ្នកស្រី កែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីយូរមកហើយនោះទៀតផង។ ក្នុងនោះក៏មានក្មួយស្រីរបស់អ្នកស្រី គឺតារាចម្រៀង ស៊ូ ស៊ីរីកា ផងដែរ។

សម្រាប់អ្នកស្រីជុំ រស្មី បញ្ជាក់ថា អ្វីដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅ ដែលក្នុងនោះក៏មានតារាចម្រៀងកញ្ញាស៊ូ សីរីកា គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោក ស្រី កែវ មន្ថា ដែលជាម្តាយ និងជីដូន ។ ប៉ុន្តែរហូតមកដលពេលនេះ អ្នកស្រី នៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈរបស់មរតកជនលោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យដែលរូបអ្នកស្រី និងសមាជិកគ្រួសារទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរនៅឡើយ។

ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំនៃដំណើរការនីតិវិធីច្បាប់ពីសាលាដំបូងរាជធានីភ្នំពេញដល់សាលាឧទ្ធរ ព្រោះតែអ្នកស្រីចង់រក្សាការពារផល ប្រយោជន៍ស្របច្បាប់ដែលសមាជិកគ្រួសារទាំងអស់គួរទទួលបានស្របតាមឆន្ទៈ និងគោលបំណងរបស់ម្ដាយនៅក្នុងបណ្ដាំមរតកដែលត្រូវបានប្រកាសដោយមេធាវីប៉ុណ្ណោះ។ ជាពិសេសគឺស្វែងរកភាពយុត្តិធម៌ជូនសមាជិកទាំងអស់ដែលមិនទទួលបានមរតកថែមទាំងត្រូវបណ្ដេញចេញពីផ្ទះយ៉ាងអយុត្តិធម៌។

អ្នកស្រី ជុំ រស្មី បានសង្កត់ធ្ងន់ថា៖ “ និយាយដោយត្រង់ខ្ញុំបានយកផ្ទះរស់នៅរាល់ថ្ងៃទៅបញ្ចាំ ដើម្បីតវ៉ារឿងក្ដីនេះ។ ឥឡូវ២ឆ្នាំហើយ ពួកខ្ញុំអស់លទ្ធភាពហើយ មានតែស្នើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារពួកខ្ញុំផង”។

អ្នកស្រី ជុំ រស្មី ហៅស្រីទូច បានទទទូចក្នុងនាមក្រុមគ្រួសារទាំងអស់ដែលកំពុងរងភាពអយុត្តិធម៌ សូមអំពាវនាវយ៉ាងទទូចដល់ស្ថាប័នតុលាការ ក៏ដូចជាក្រសួងយុត្តិធម៌ជួយពន្លឿនរឿងក្តីនេះដល់សមាជិកគ្រួសារទាំងអស់ផង។ ម្យ៉ាងទៀត ពេលនេះសមាជិកគ្រួសារជាច្រើនកំពុងគ្មានផ្ទះជ្រកកោណនោះទេ និងត្រូវរស់នៅយ៉ាងលំបាកវេទនា។

ស្រដៀងគ្នានេះដែរ តារាចម្រៀង កញ្ញា ស៊ូ ស៊ីរីកា ក៏បានបានអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យរកយុតិ្តធម៌យ៉ាងពិតប្រាដកពីប្រព័ន្ធតុលាការ ព្រោះថារឿងក្តីនេះ កំពុងដំណើរការដល់សាលាឧទ្ធរ ក៏ប៉ុន្តែងមិននៅទាន់ទទូលបាន យុតិ្តធម៌ សម្រាបរូបនាងនៅឡើយ ។ ដូច្នេះហើយ ស៊ូ ស៊ីរីកា មានអំពាវនាវដល់ប្រមុខថ្នាក់ដឹកអស់ឱ្យ ជួយរកយុតិ្តធម៌ដល់រូបនាង ព្រោះពេលនេះនាង កំពុងតែមានជីវភាពលំបាកខ្លាំង។

បើតាមតារាចម្រៀងរូបនេះ តាំងពីកើតរហូតដល់ដឹងក្ដី នាងបានរស់នៅក្រោមការមើលថែទាំយ៉ាងល្អបំផុតពីជីដូនលោកស្រី កែវ មន្ថា ប្រៀបបានទៅនឹងម្ដាយកូនដូច្នេះដែរ។ ជីដូនរបស់នាងបានផ្គត់ផ្គង់គ្រប់បែបយ៉ាង សូម្បីតែលុយដែលនាងរកបានពីការច្រៀងកន្លងមកក៏ផ្ញើជាមួយជីដូនជាអ្នកទុកដាក់ឱ្យដែរ។ ប៉ុន្តែបន្ទាប់លោកស្រី កែវ មន្ថា បានទទួលអនិច្ចកម្មទៅមិនបានប៉ុន្មាន ទ្រព្យសម្បត្តិយ៉ាងឡាយដែលជីដូនទិញជាអំណោយទាំងអស់ត្រូវបានដកហូតដូចជារថយន្ត ខុនដូរ សូម្បីតែផ្ទះវីឡាដែលធ្លាប់រួមរស់ជាមួយជីដូនរហូតមក ក៏ត្រូវបានស្វាមីរបស់ជីដូនបណ្ដេញចេញដែរ រួមជាមួយនឹងសមាជិកដទៃទៀត។

ស៊ូ ស៊ីរីកា បញ្ជាក់ថា៖ “ខ្ញុំបាត់បង់គ្រប់យ៉ាង ពេលអត់ពីម៉ាក់យាយទៅ សូម្បីតែកន្លែងជ្រកកោណ ហើយដែលខ្ញុំស្ងាត់កន្លងមកព្រោះតែរឿងនេះ។ ទើបតែពេលនេះបានងើបបានខ្លះតស៊ូបន្តទៀត ហើយខ្ញុំសន្យាធ្វើជាមនុស្សរឹងមាំដូចម៉ាក់យាយចង់ឃើញ”។

គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមគ្រួសាររបស់តារាកំប្លែងអ្នកស្រី ទូច ក៏ធ្លាប់បានចេញមកទម្លាយភាពអយុត្តិធម៌ជាមួយបងប្អូនចំនួន១៤នាក់ ពាក់ព័ន្ធរឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានបន្សល់ទុកតាមរយៈមេធាវីផ្ទាល់ដោយបែងចែកទ្រព្យសម្បត្តិមួយចំណែកទៅឱ្យកូនៗ និងចៅដែលរួមរស់ជាមួយបន្ទាប់ពីលោកស្រីទទួលមរណភាពទៅ។ ប៉ុន្តែបើតាមអ្នកស្រី ជុំ រស្មី ហៅស្រីទូច បានបញ្ជាក់ថា ស្វាមីរបស់ខ្លួនពុំបានបំពេញតាមលិខិតបណ្ដាំនោះទេ ព្រមទាំងបានផ្ទេរអចលនទ្រព្យមួយចំនួនទៅឱ្យកូនៗរបស់ខ្លួន ហើយពុំបានអើពើដោះស្រាយតាមបណ្ដាំមរតកម្ដាយ ឬរកដំណោះស្រាយណាមួយសមរម្យនោះឡើយ ទើបអ្នកស្រី និងបងប្អូន និងក្មួយស្រី ស៊ូ ស៊ីរីកា សម្រេចគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការ ខណៈការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ រូបអ្នកស្រី និងគ្រួសារមិនអាចទទួលយកបាននោះឡេីយ ទើបបន្តទៅដល់សាលាឧទ្ធរបន្តទៀតដោយរំពឹងនឹងទទួលបានយុត្តិធម៌៕

Share.