កីឡាករ Bryan Bagunas ជនជាតិហ្វីលីពីន ដែលកាសែតនៅតៃវ៉ាន់ បានចុះផ្សាយថារូបគេគឺជាដៃគូដ៏ស្អិតល្មួតរបស់កីឡាករកម្ពុជា វឿន វាសនា នៅក្លិប Win Streak ក្នុងលីគ​​បាល់ទះ​​របស់តៃវ៉ាន់ (Enterprise Volleyball League) បានយល់ព្រមបន្តកុងត្រាថ្មីរយ:ពេល ៥ឆ្នាំបន្ថែម។

ទោះបីកន្លងទៅធ្លាប់មានព័ត៌មានចុះផ្សាយថាកីឡាករ Bryan Bagunas នឹងចាកចេញពី Win Streak ដើម្បីផ្លាស់ទៅចូលរួមជាមួយក្រុមបាល់ទះ Cignal HD Spikers នៅប្រទេសហ្វីលីពីន ដែលជាស្រុកកំណើតរបស់ Bryan Bagunas។

កីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៧ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបធ្លាប់ជួយឱ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩។

ស្របពេលដែលកីឡាករ វឿន វាសនា កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០១ អាយុ២៣ឆ្នាំ កម្ពស់ ១.៩៣ម៉ែត្រ ធ្លាប់ជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរិទ្ធិ ស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងមេដាយប្រាក់ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

គួរដឹងថាក្លិបបាល់ទះ Win Streak ដែលកីឡាករ វឿន វាសនា កំពុងប្រកបអាជីព ក្លាយជាម្ចាស់ជើងឯកលីគ​បាល់ទះ​តៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤៕

Share.