សត្យា វីលៀម គឺជា​កីឡាករ​​បាល់បោះ​ ដែល​មាន​សមត្ថភាពលេង​​ពូកែ​ ទើប​ត្រូវ​សហព័ន្ធ​ជ្រើសរើស​បញ្ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ក្រៅ​ពី​​ពូកែ​លេង​បាល់​ហើយ​នោះ​ បុរស​ខ្ពស់​ស្រឡះ​រូប​នេះ​ក៏​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង ជា​តារាកំពុង​តែ​រះ​លើ Tiktok  ទើប​នៅ​ពេល​ថ្មីៗ​នេះ ​ប្អូន​ប្រុស​ត្រូវ​បាន​ជ្រើសរើស​ជា​តួ​ឯក​ប្រុស​ក្នុង​ភាពយន្ត​​អប់រំ​ខ្លី​មួយ​។

នៅ​ក្នុង​ភាពយន្ត​​​ខ្លី​ «ចិត្ត​អាក្រក់​» សត្យា វីលៀម ​សម្ដែង​ជា​តួ​អង្គ​ឯក​ប្រុស​ចាប់​ដៃ​គូ​ជាមួយ​នឹង​ស្រី​ស្អាត​សេង ​រដ្ឋា រឿង​នេះ ជា​រឿង​​អប់រំ​ថ្មី​ ឆ្លុះ​បញ្ចាំងនិង​បង្ហាញ​ពី​ជ្រុង​​ពិត​មួយ​​ក្នុង​​​សង្គម​។

បុរស​សង្ហា​កូន​កាត់​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​កន្លង​មក​ខ្លួន​ធ្លាប់​តែ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ និង​ថត​​ជា​វីដេអូ​កំប្លែង​ខ្លី​ នៅពេល​មក​សម្ដែង​ជា​តួអង្គ​ដែល​ត្រូវ​បង្ហាញ​មនោសញ្ចេតនា​ និង​អារម្មណ៍​រាង​លំបាក​សម្រាប់​ប្អូន​​បន្តិច​ដែរ​ ប៉ុន្តែ​ប្អូន​​បាន​ព្យាយាម​អស់​លទ្ធភាព​ដើម្បី​ឱ្យ​សាច់​រឿង​នេះ​ចេញ​មក​ល្អ​បរិបូរ។

បុរស​កូន​កាត់​រូប​នេះ​ក៏​លួច​​បង្ហើប​​ចរិត​តួអង្គ​ខ្លួន​ក្នុង​សាច់​រឿង​ «ចិត្ត​អាក្រក់» នេះ​ដែរ​ថា ​ជា​កូន​អ្នក​មាន​មិន​ស្គាល់​ពី​តម្លៃ​មនុស្ស​ នៅ​ពេល​ដែល​ឃើញ​សង្សារ​របស់​ខ្លួន​ជួយ​អ្នក​ដទៃតែង​តែ​​បញ្ចេញ​​ទឹក​មុខ​និង អាកប្បកិរិយា​មិន​សប្បាយ​ចិត្ត​។

អ្នក​កំលោះ​រូប​នេះ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ទោះ​ជា​ខ្លួន​បោះ​ជំហាន​ចូល​សិល្បៈ​ក្ដី ​តែ​ប្អូន​គ្មានថ្ងៃ​ដើរ​ចោល​កីឡា​បាល់បោះ​ដែល​ជា​ក្ដី​ស្រលាញ់​និង​ក្ដី​ស្រមៃ​របស់​ប្អូន​តាំង​ពី​កុមារ​មក​នោះ​ទេ​។ ចំណែក​ការ​រួម​សហការ​ថត​ជាមួយ​នឹងស្រី​ស្អាត​  សេង រដ្ឋា​ ​ជា​លើក​ដំបូង​​ វីលៀម​ បាន​ឱ្យ​ដឹងថា​​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ថែម​ទាំង​សម្ដែង​បាន​ស៊ី​សង្វាក់​គ្នា​ផង​ដែរ​។​ វីលៀម​សង្ឃឹមថា​រឿង​ដំបូង​បែបអប់​រំ​មួយ​នេះ​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​និង​សាទរ​ពី​សំណាក់​អ្នក​ទស្សនា​ព្រោះ​សាច់​រឿង​នេះ​មាន​បង្កប់​នូវ​ខ្លឹមសារ​និង​សារ​អប់រំ​មួយ​ដ៏​ល្អ​សម្រាប់​សង្គម​ជាតិ​។

សត្យា វីលៀម បច្ចុប្បន្ន​មាន​អាយុ​២១ ឆ្នាំ​ មាន​កម្ពស់​ ១.៨៥សង់​ទីម៉ែត្រ​ ជា​និស្សិត​កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ ​ជា​កូន​កាត់​កម្ពុជា​ស្វីស ដោយ​មាន​អ្នក​ម្ដាយ​ជាជនជាតិខ្មែរ និង​លោក​ឪពុក​ជា​ជនជាតិ​ស្វីស​៕

Telegram-Troryorng
Share.