ក្រៅពី​ភាពយន្ត​ភាគ​ជា​ស៊េរី​មនោសញ្ចេតនា​បែប​រ៉ូមែនទិក​ «Descendants of the Sun»​ របស់​ ទូរទស្សន៍​ KBS ​រហូត​ ​មក​ដល់​ភាពយន្ត​ភាគ​បែប​ម៉ាហ្វៀ​ Vincenzo ​របស់​ TVN ​Song Joong Ki​ ក៏​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​ភាពយន្ត​បុរាណ​កូរ៉េ​ Sungkyungwan scandal ​និង​ Arthdal Chronicles ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​ជាតិ​និង​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​អាពាហ៍ពិពាហ៍ ផ្លេកបន្ទោរ​រវាង​រូប​គេ​និង​អតីត​ភរិយា ​Song Hye Kyo ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​បន្ទាប់​ពី​ថត​ ភាពយន្ត​ភាគ​រឿង​«ម្ចាស់​ព្រះ​អាទិត្យ​»​រួច​។​ ថ្ងៃ​នេះ​ត្រយង​នឹង​ធ្វើ​ការ​សង្ខេប​ពី​ប្រវត្តិ​របស់​តារា​ប្រុស​រូប​សង្ហា​ម្នាក់​នេះ​តើ​គេ​មាន​ប្រភព​មក​ពី​ណា​?​ តើ​មុន​ពេល​ចូល​ប្រឡូក​ក្នុង​សិល្បៈ​គេ​បាន​ធ្វើ​អ្វី​ខ្លះ​? ​ជូន​ដល់​អ្នក​គាំទ្រ​ស្ដាប់​និង​ទស្សនា​ដូចត​ទៅ​។​


Song Joong Ki ​គឺ​ជា​តារា​សម្ដែង​ជនជាតិ​កូរ៉េ​ខាងត្បូង​ដែល​អ្នក​គាំទ្រ​បាន​ស្គាល់​គាត់​តាម​រយៈ​ ការ​សម្ដែង​ភាពយន្ត​ភាគ​បុរាណ​ Sungkyungwan Scandal ​និង​ជា​អតីតសមាជិក​អចិន្ត្រៃយ៍​របស់​កម្មវិធី​ ទូរទស្សន៍​ Running Man ​របស់​ទូរទស្សន៍​ SBS​។​ បុរស​សង្ហា​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​ ១៩ ​ខែ​កញ្ញា​ឆ្នាំ​ ១៩៨៥ ​បច្ចុប្បន្ន​ ​មាន​អាយុ​៣៥ ​ឆ្នាំ​មាន​ទី​កន្លែង​កំណើត​នៅ​សង្កាត់​ Dong-gu ​ក្រុង​ ​Daejeon​ ​មាន​ កំពស់​ ១,៧៨ ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ Sungkyungwan ​ផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម ​។​ ​Song Joong Ki ​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​ ​២០០៨ ​ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​នឹង​តារាស្រី​ ​Grade​ ​A​ ​Song Hye Kyo ​នៅ​ឆ្នាំ​ ​២០១៧ ​និង​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​ ​២០១៩​ ​។​

Song Jong Ki ​គឺ​ជា​អ្នក​​ជិះ​ស្គី​ដ៏​ជំនាញ​ម្នាក់​ថែម​ទាំង​ជា​កីឡាករ​លេង​ឱ្យ​ក្រុម​តំណាង​ក្រុង​ដែល​គេ​ រស់​នៅ​ថែម​ទាំង​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ពិធី​ប្រកូត​កីឡា​ថ្នាក់​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ចំនួន​ ​៣ ​​ដង​ ទៀត​ផង​។​ ​រយៈ​ពេល​១២​ ​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​ជិះ​ស្គី​បាន​​បញ្ចប់​ដោយ​សារ​តែ​គេ​មាន​បញ្ហា​របួស​ បន្ថែម​លើស​នេះ​ទៀត​ក្នុង​សម័យកាល​នោះ​កីឡាករ​ជិះស្គី​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ ទូលំទូលាយ​ទេ​ ​ដូច្នេះ​ពិបាក​នឹង​ត្រូវ​ជ្រើសរើស​ជា​កីឡាករ​ជម្រើស​ជាតិ​ណាស់​ហេតុនេះ​គេ​ក៏​ សម្រេច​ចិត្ត​បោះបង់​ចោល​ក្ដីស្រមៃ​ជា​កីឡាករ​ជម្រើសជាតិ​ជិះ​ស្គី​ហើយ​ត្រលប់​មក​ខិតខំ​សិក្សា​វិញ​។​ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​នឹង​ទូរទស្សន៍​ ​SBS​ ​តារា​សម្ដែង​រូប​នេះ​បាន​រំលឹក​ថា​រូប​គេ​ «យំ​យ៉ាង​ ខ្លាំង​នៅ​ពេល​បោះបង់​និង​ឈប់​លេង​កីឡា​ជិះ​ស្គី​ ​»​។​ ​ក្រោយ​បោះបង់​ចោល​កីឡា​ជិះស្គី​ ​Song Joong Ki ត្រលប់​មក​ផ្ចង់​ស្មារតី​លើ​ការ​សិក្សា​ចំពោះ​រឿង​នេះ​គេ​ធ្លាប់​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​មួយ​ថា​គេ​ជា មនុស្ស​ចូលចិត្ត​យក​ការ​បាត់បង់​មក​ធ្វើ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​ឲ្យ​ជោគជ័យ​លើ​អ្វី​មួយ​ផ្សេង​ ឧទាហរណ៍​ការ​សិក្សា​ជា​ដើម​។​ ​ការ​ប្រឹងប្រែង​របស់​គេ​បាន​សម្រេច​ជោគជ័យ​ព្រោះ​គេ​ទទួល​បាន​ ពិន្ទុ​ល្អ​ហើយ​ថែម​ទាំង​បាន​ចូល​សិក្សា​នៅ​ក្នុង​មហាវិទ្យាល័យ​ល្អ​បំផុត​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ គឺ​សកលវិទ្យាល័យ​សុងខ្យុងវ៉ាន​។​ កេរ្តិ៍​ឈ្មោះ​ជា​សិស្ស​ល្អ​របស់​គេ​មិនមែន​បាន​មក​ដោយ​គ្រាន់តែ​ភាព​ឆ្លាត​នោះ​ទេ​ប៉ុន្តែ​ពេល​នៅ​ ​សិក្សា​ ថ្នាក់​វិទ្យាល័យ​គេ​ទទួល​បាន​ពានរង្វាន់​សម្រាប់​ការ​បង្ហាញ​វត្តមាន​មក​សិក្សា​មិនដែល​ខកខាន​ឬ​ អវត្តមាន​សូម្បី​តែ​មួយ​ថ្ងៃ​ទៀត​ផង​។​


យោង​តាម​សារព័ត៌មាន​ ​Enews24 ​ធ្លាប់​បាន​ ផ្សាយ​ថា​ក្រៅ​ពី​មាន​ខួរក្បាល​ឆ្លាត​ហើយ​នោះ​មុខមាត់​ សង្ហា​របស់​គេ​ក៏​បាន​ទាក់ទាញ​សិស្ស​ពី​សាលាផ្សេង​ៗ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​របស់​ សាលា​ដែល​គេ​រៀន​រាល់ៗ​លើក​ដែល​មាន​រៀបចំ​កម្មវិធី​។​ ​នៅ​ក្នុង​សកលវិទ្យាល័យ ​Sungkyungwan ​ដែល​ គេបាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ​Song Joong Ki ​ធ្លាប់​ត្រូវ​បាន​​យក​រូប​ទៅ​ ដាក់​លើ​ក្រប​ទស្សនាវដ្ដី Kingo​ ជា​ទស្សនាវដ្ដី​ប្រចាំ​ក្នុង​សាលា​ជា​ច្រើន​ដង​រវាង​ពី​ឆ្នាំ​ ២០០៨​ ​រហូត​ ដល់​ឆ្នាំ​២០១៣ ​។​

តារា​សម្ដែង​រូប​នេះ​ធ្លាប់​បាន​ចំណាយ​ពេល​ជា​ច្រើន​ធ្វើ​ជា​អ្នកអាន​ព័ត៌មាន​នៅ​ក្នុង​ជំរុំ​ផ្សព្វផ្សាយ​នា​សកល​វិទ្យល័យ​ដែល​គេ​សិក្សា​។ ​Song Joong Ki ​ជាមនុស្ស​មាន​សមត្ថភាព​ព្រោះ​គេ​ធ្លាប់​បាន​ ចូលរួម​លេង​ហ្គេម​ Quize Korea ​កាលពី​ឆ្នាំ​ ២០០៦​ហើយ​ឈ្នះ​បាន​ចំណាត់​ថ្នាក់​លេខ​ ​២ ​ព្រម​ទាំង​ ទាញ​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​រហូត​ ​មិត្តរួម​ថ្នាក់​របស់​គេ​បាន​បង្កើត​ក្រុម​អ្នក​គាំទ្រ​រូប​គេ​ ក្នុង​កម្មវិធី​នោះ​ឱ្យ​ដល់​គេ​ផង​ដែរ​។ ​បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នោះ​ម្ដាយ​របស់​គេ​ថែម​​ទាំង​ទទួល​ បាន​ទូរស័ព្ទ​ពី​ André Kim ​អ្នក​ Designer ​ដ៏​ល្បី​របស់​កូរ៉េ​ទាក់ទង​មក​សុំ​ឱ្យ​គេ​ទៅ​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ កម្មវិធី​ Fashion Show ​របស់ ​Kim ​ថែម​ទៀត​ផង​ ។​
នៅ​ក្នុង​ឆ្នាំ​ ​២០១៦ ​គេ​បាន​ក្លាយ​ជា​តារា​កូរ៉េ​ដំបូង​និង​តែ​ម្នាក់​គត់​បាន​សម្ភាសន៍​ក្នុង​ម៉ោង​ព័ត៌មាន​ ​KBS​ 1TV’s New9 ហើយ​នៅ​ក្នុង​កម្មវិធី​នោះ​គេ​បាន​និយាយ​ថា​ ​៖ ​«​កាល​ពី​អតីតកាល​ខ្ញុំ​ចង់​ក្លាយ​ជា​ពិធីករ​ អាន​ព័ត៌មាន​បាន​ឃើញ​អ្នក​អាន​ព័ត៌មាន​ល្បី​ៗ​ ​ដោយ​ផ្ទាល់​ហើយ​បាន​អង្គុយ​នៅ​ក្នុង​ស្ទីតយ៉ូ​ខ្ញុំ​មាន​ អារម្មណ៍​ដូច​ជា​សុបិន​មួយ​ទៀត​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​»​។ ​មនុស្ស​មាន​សមត្ថភាព​មិន​ខ្លាច​ខ្វះ​ ការងារ​ធ្វើ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ ​Song Joong Ki ​ធ្លាប់​បាន​បង្ហើប​ថា​មាន​ក្រុមហ៊ុន​មួយ​ធ្លាប់​បាន​ អញ្ជើញ​គេ​ឱ្យ​ទៅ​ធ្វើ​ជា​ ​Trainer ​តារា​ក្នុង​ក្រុមហ៊ុន​របស់​គេ​ថែម​ទៀត​ផង​។ ​ទោះ​ជា​គេ​មិន​បាន​ និយាយ​ថា​ក្រុម​ណា​មួយ​ក៏​ដោយ​តែ​គេ​បាន​និយាយ​ថា​ក្រុម​នោះ​បច្ចុប្បន្ន​នេះ​ល្បីល្បាញ​ណាស់​។​

សូម​រំលឹក​ថា​បច្ចុប្បន្ន​ Song Jong Ki ​កំពុង​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ Vincenzo ភាពយន្ត​ភាគកូរ៉េ​បែប​ម៉ាហ្វៀ​របស់​ស្ថានីយ​ទូរទស្សន៍​ ​TVN ​កំពុង​តែ​ល្បីល្បាញ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ និង​បណ្ដា​ប្រទេស​ដែល​ពេញ​និយម​រឿង​ភាគ​កូរ៉េ​ផង​ដែរ​ពិសេស​នៅ​លើ ​App Netflix ​តែ​ម្ដង​៕​

ទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.