ភ្នំពេញ ៖ រថយន្តកូរ៉េហុីយ៉ាន់ដាយមួយគ្រឿង បើកបរល្បឿនលឿន ជ្រុលទៅបុកផ្ទប់ជាមួយរថយន្តកុងតឺន័រ បណ្តាលឱ្យកៀបជាប់អ្នកបើកបរក្នុងរថយន្តរងរបួសធ្ងន់ អ្នករួមដំណើរ២នាក់រងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុប តាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ៤២ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះ របួសធ្ងន់ មានឈ្មោះ ណៃ តាំងហ៊ាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តដឹកត្រី មានទីលំនៅភូមិត្បែង ក ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសបែកក្បាល បាក់ជើងឆ្វេង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បើករថយន្តដឹកត្រី ម៉ាកហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ ស្លាក លេខ ត្បូង ឃ្មុំ 2A-3714 រួមដំណើរជាមួយ ប្រពន្ធ និងប្អូនប្រុស ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ពីជើងទៅត្បូង ល្បឿនលឿន ដល់ដល់ចំណុចកើតហេតុ ជ្រុលបុកពីទទឹងរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-3733 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5071 ដែលបើកតាមផ្លូវ៤២ ពីកើតទៅលិច បណ្តាលឱ្យកៀបជាប់អ្នកបើកបររថយន្តដឹកត្រីក្នុងកាប៊ីន រងរបួសធ្ងន់ បាក់ជើងឆ្វេង បែកក្បាល ចំណែកប្រពន្ធនិងប្អូន រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន កងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ យករថយន្តវះកាត់ រថយន្តរថយន្តសង្គ្រោះ ទៅកាត់ ហែក រថយន្តយកជនរងគ្រោះចេញ ហើយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តទាំង២គ្រឿង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងស្ទូចយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.