សៀមរាប ៖ បន្ទាប់ពីកើតមានឧប្បត្តិហេតុ ផ្ទុះរថយន្តដឹកភ្ញៀវទេសចរណ៍ បណ្តាលឱ្យរងខូចខាតចំនួន៣គ្រឿង របួសមនុស្ស២នាក់រួចមក កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤ នៅចំណតរថយន្ត ក្នុងបរិវេណប្រាសាទអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

កម្លាំងសមត្ថកិច្ចជំនាញ អាជ្ញាធរខេត្ត ចុះធ្វើការពីនិត្យ ស្រាវជ្រាវ ឃើញថា ផ្តើមចេញពីលក្ខណៈបច្ចេកទេសរថយន្ត ប្រភេទទេសចរណ៍ ៤៥កៅអី ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4674 ផ្ទុះឆេះរាលទៅដល់រថយន្ត ២គ្រឿងដែលចតសងខាងបន្តទៀត ។

រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសនារសៀលថ្ងៃដដែលផងដែរ ជុំវិញឧប្បត្តិហេតុខាងលើ រថយន្តមួយគ្រឿង ៤៥កៅអី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4674 បានដឹកភ្ញៀវទេសចរណ៍ ចូលទៅមើលថ្ងៃរះ ក្រោយភ្ញៀវចុះអស់ រថយន្តបានបើកចូលចំណត ហើយក៏មានរថយន្ត ៤៥កៅអីមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4286 ទៅចតឈប់អៀបពីខាងឆ្វេង និងរថយន្ត ២៤កៅអី ម៉ាកTOYOTA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 3A-2980 ទៅចតអៀបខាងស្តាំ ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តនៅកណ្តាលគេ មានបញ្ហាបច្ចេកទេស ផ្ទុះឆេះ ទើបរាលដល់រថយន្ត២គ្រឿងសងខាង បណ្តាលឱ្យរងខូចខាតដំណំ ។ ហេតុការណ៍ខាងលើ បណ្តាលឱ្យរថយន្តចំនួន៣គ្រឿងរងខូចខាត និងមនុស្ស២នាក់រងរបួស ៕

អត្ថបទ៖តាតុងសែនជ័យ

Share.