Facebook និង Instagram ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការទូទាំងពិភពលោក កាលពីថ្ងៃអង្គារ ទី៥ ខែមីនា បន្ទាប់ពីមិនដំណើរការជាង២ម៉ោង ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស និងប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់រយរាប់ពាន់នាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

បណ្ដាញទំនាក់ទំនងសង្គម ដែលមានប្រជាប្រិយភាពមួយនេះ មិនដំណើរការកាលពីម៉ោង ១១យប់ម្សិលម៉ិញនេះ ដោយធ្វើឱ្យមនុស្សរាប់សែននាក់មិនអាចចូលទៅក្នុងគណនីហ្វេសប៊ុក ឬ អ៉ីនស្ដាក្រាម ដោយបង្កឱ្យមានភាពស្លន់ស្លោរ ជាខ្លាំង។

អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន កំពុងតាមដានឧប្បត្តិហេតុនេះ ហើយក៏មិនទាន់បានដឹងថាវាពាក់ព័ន្ធនឹងអ៉ីនធឺណិត ឬ មានពាក់ព័ន្ធនឹងអ្វីនោះទេ។

បើតាមអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ដោយមិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះថា «ប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុនក៏បានជួបប្រទះបញ្ហាមួយ ដែលទំនងជាពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស ប៉ុន្ដែគេមិនទាន់ដឹងថាបញ្ហាបច្ចេកទេសអ្វីឱ្យប្រាកដនៅឡើយទេ ដោយបានធ្វើឱ្យពិបាកក្នុងការចូលប្រើកម្មវិធីមួយចំនួនរបស់យើង ប៉ុន្ដែយើងបានដោះស្រាយបញ្ហានេះ សម្រាប់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ពីបញ្ហានេះ»។

សូមជម្រាបថា ក្រុមហ៊ុន Meta បានរាយការណ៍ថា មានអ្នកប្រើប្រាស់កម្មវិធីនានារបស់ខ្លួនជាប្រចាំថ្ងៃប្រហែលមាន ៣.១៩ពាន់លាននាក់ ក្នុងនោះរួមទាំង WhatsApp និង Threads ផងដែរ។ យ៉ាងណាម៉ិញ បញ្ហានេះ​បានធ្វើឱ្យក្រុមហ៊ុន Meta ដែលដឹកនាំដោយលោក Mark Zuckerberg បានធ្លាក់តម្លៃហ៊ុន ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតបង់ប្រាក់ប្រមាណ ១៨ពាន់លានដុល្លារឯណោះ៕

ប្រភព៖ CNA

Share.