ជាលើកដំបូង​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវ​កាលឆ្នាំ២០២៣-២៤ ក្លិប​បាល់ទាត់​អង្គរថាយហ្គឺរ នឹង​រៀប​ចំ​ឱ្យ​មាន​ការ​ច្រៀង​ចង្រៀង​អបអរ​ការ​ប្រកួត​នៅ​ក្នុង​ទីលាន​ពី​សំណាក់តារាចម្រៀងប្រុសជនជាតិជប៉ុន “YAMAZARU” ក្នុង​ជំនួប​ទល់ ​នឹងក្លិប​បាល់ទាត់ព្រៃវែង។

នៅ​ក្នុង​ជំនួប​ប្រកួត​នៅ​សប្ដាហ៍ទី២៤ ជុំទី៣នេះ តារា​ចម្រៀង​ប្រុស​ជន​ជាតិ​ជប៉ុន “YAMAZARU” នឹង​មក​ធ្វើការ​បកស្រាយចម្រៀងជាភាសាជប៉ុនជូនបងប្អូននៅទីតាំងកីឡដ្ឋាន ហនុមាន ថ្ងៃ​ទី០៩ មីនា ខាង​មុខ​នេះ ដែល​ជាការប្រកួត​រវាង​ការ​ប្រកួត​ជាម្ចាស់​ផ្ទះ​របស់​អង្គរថាយហ្គឺរ ទល់នឹង ព្រៃវែង វេលាម៉ោង ៤:៣០នាទី (នាទីសម្រាក​តង់ទី១)។

ស្របពេលថ្មីៗនេះដែរ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏​បាន​ប្រកសា​ពីការ​ចាប់​ផ្តើម​ដំណើ​រការ​សាង​សង់កីឡដ្ឋានផ្ទាល់ខ្លួន នៅខេត្តសៀមរាប ដែល​កំពុងដំណើរការជាផ្លូវការ ដែល​ជា​ការ​សហការ​ ការសាងសង់ ជា​មួយ​ក្រុមហ៊ុន Fuxin Steel Buildings។

កីឡដ្ឋាននេះមិនមែនសម្រាប់តែក្លិបតែមួយនេះទេ ប៉ុន្តែវាជា​កីឡដ្ឋាន​សម្រាប់​ខេត្តសៀមរាបទាំងមូល។ ដែល​ជាកន្លែងដែលបង្កើតនូវថាមពល និង​ជាកន្លែង​ដែល​កីឡាករ​បាល់ទាត់វ័យក្មេងអាចបន្តក្តីសុបិន្តធំរបស់ពួកគេ។

លោក Akihiro Kato ប្រធានក្លិបបានលើកឡើងថា៖ «យើង ពិតជាមិនអាចរង់ចាំ នូវការឃើញរូបរាង កីឡដ្ឋាន ហើយក្លាយជាផ្ទះពិតប្រាកដរបស់អង្គរថាយហ្គឺរ នោះទេ!!តាមដាន​ជាមួយ​យើង​ដើម្បី​ទទួល​បានព័ត៌មានថ្មីៗអំពីដំណើរការរបស់យើង»។

គួបញ្ជាក់ថា បច្ចុប្បន្ន ក្លិបបាល់ទាត់អង្គរថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់​លេខ៩ ឆ្លងកាត់ ២៣ប្រកួត ឈ្នះ ៥ប្រកួត ស្មើ ៣ប្រកួត និងចាញ់ ១៥ប្រកួត មាន ១៨ពិន្ទុ។ ខណ:ព្រះខ័នរាជស្វាយរៀង ឈរកំពូល​តារាង ២៣ប្រកួត ឈ្នះ ១៩​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត មាន ៥៩ពិន្ទុ៕

Share.