សិល្បៈជាតិ៖ ភាពយន្តខ្មែរ «កំណើតអរូប» ដែលផលិតឡើងដោយផលិតកម្ម WonderFilm Entertainment បានចូលទៅបញ្ចាំងនៅក្នុងរោងភាពយន្តប្រទេសថៃជាផ្លូវការ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ជាមួយគ្នានោះ គួរឱ្យកត់សម្គាល់ឃើញថា ប្រជាជនថៃ បានបបួលគ្នាទៅទស្សនាភាពយន្តខ្មែរមួយនេះយ៉ាងព្រោងព្រាតពេញបណ្ដាញសង្គម ។

មើលទៅលើបណ្ដាញសង្គមហ្វេសប៊ុក មានប្រជាជនថៃមួយចំនួនបានចាប់អារម្មណ៍ពីភាពយន្តមួយនេះ ដោយពួកគេគ្រាន់តែបានទស្សនាវីដេអូ Trailer ខ្លីក្នុងការផ្សព្វផ្សាយភាពយន្តមុនបញ្ចាំងតែប៉ុណ្ណោះ។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលជាជនជាតិថៃខ្លះលើកឡើងស្រដៀងគ្នាថា ៖ «ចូលចិត្តភាពយន្តប្រភេទនេះ» «គួរឱ្យរន្ធត់ខ្លាំង» «ចាំយូរហើយ ឆ្នាំនេះសុទ្ធតែភាពយន្តរន្ធត់ » ​«ចង់ទៅមើលរឿងនេះ» និងមានអ្នកខ្លះទៀតនាំគ្នា mention ឈ្មោះមិត្តភក្ដិ និងសាច់ញាតិរបស់ខ្លួនឱ្យចាប់អារម្មណ៍ទៅទស្សនាភាពយន្តមួយនេះនៅរោងភាពយន្ត។

គួររំលឹកដែរថា ភាពយន្តខ្មែរ «កំណើតអរូប» ដែលបាននាំយកទៅបញ្ចាំងនៅក្នុងរោងកុនប្រទេសថៃ គឺជាការបញ្ជ្រៀតភាពយន្តខ្មែរចូលទៅទីផ្សារអន្តរជាតិ បន្ទាប់ពីចុះកិច្ចព្រមព្រៀងរវាងផលិតកម្ម វ័នឌើរហ្វីម អេនធើធេនម៉ីន និងផលិតកម្ម អឺរ៉ាយ ភីកឈ័រជាមួយក្រុមហ៊ុន Tham Studio 19 នៅប្រទេសថៃ ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

យ៉ាងណាមិញ កិច្ចព្រមព្រៀងរវាង វ័នឌើរហ្វីម និង អឺរ៉ាយ ភីកឈ័រ ជាមួយ Tham Studio 19 ត្រូវធ្វើឡើងដើម្បីបង្កើតទម្រង់នៃក្របខ័ណ្ឌកិច្ចព្រមព្រៀងផ្លូវការ ជាកិច្ចព្រមព្រៀងរវាងភាគី ដើម្បីធ្វើការរួមគ្នាក្នុងលក្ខណៈដែលលើកកម្ពស់បរិយាកាសនៃកិច្ចសហប្រតិបត្តិការពិតប្រាកដសម្រាប់ប្រសិទ្ធភាព ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងអត្ថន័យនៃភាពជាអ្នកដឹកនាំ ដើម្បីការពារ និងនិរន្តរភាព និងកិច្ចសន្ទនាប្រកបដោយជំនាញក្នុងការផលិត និងចែកចាយភាពយន្ត។ ​ការផ្លាស់ប្តូរវប្បធម៌មិនរើសអើងលើគ្រប់បញ្ហាដែលទាក់ទងនឹងគម្រោងផ្សេងៗ ដើម្បីពង្រីកឱ្យកាន់តែទូលំទូលាយទាំងទីផ្សាក្នុងស្រុក និងអន្តរជាតិ។ តាមរយៈការចាប់ដៃគូរសហការគ្នានេះ  វ័នឌើរហ្វីម រំពឹងថា ខ្លួននឹងបន្តសហការគ្នាឱ្យកាន់តែខ្លាំងក្នុងការចែកចាយភាពយន្តខ្មែរទៅបានកាន់តែទូលំទូលាយ និងអភិវឌ្ឍន៍គម្រោងផលិតភាពយន្តរួមគ្នានាងពេលអនាគតបន្តទៅមុខទៀត។

ក្រៅពីភាពយន្ត «កំណើតអរូប» វ័នឌើរហ្វីម ក៏មានគ្រោងនាំយកខ្សែភាពយន្តមួយទៀត គឺរឿង « កុំដេក / Don’t Sleep» ទៅនឹងចាក់បញ្ចាំងផងដែរ។ នេះជាជំហ៊ានថ្មីមួយទៀតដែលផលិតកម្មនេះ តែងប្រកាន់ខ្ជាប់ទស្សនៈ និងចក្ខុវិស័យក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំយកនូវភាពទំនើបនៃភាពយន្តពីអន្តរជាតិមកជួយជំរុញឧស្សហកម្មភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ៕

Share.