គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ត្រង់​ចំណុច​ក្បាល​ថ្នល់ ជំហានទី១ ត​ភ្ជាប់​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សម្ដេច​តេជោ​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២៤ ពោល​គឺ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ហើយ​ជំហាន​ទី​២ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២៥ មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដូច​គ្នា​។

តួលេខ​រាប់​ថយ​ក្រោយ​ត្រូវ​បាន​គេ​បំពាក់​នៅ​លើ​សំណង់​ស្ពាន​ទី១ ដើម្បី​បង្ហាញ​សាធារណជន​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ស្ពាន​នេះ​នឹង​សង់​រួចរាល់​ក្នុង​ដំណាក់កាល​ទី​មួយ​។

យោង​តាម​លោក​ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស នឹង​សាងសង់​រួច​រាល់​ជា​ស្ថាពរ​មុន​ផែនការ​កំណត់​៤​ខែ ដោយ​រក្សា​បាន​គ្រប់​លក្ខណៈ​បច្ចេកទេស គុណភាព និង​ពុំ​មាន​បញ្ហា​រអាក់រអួល​ណា​មួយ​ឡើយ​។

ដោយឡែក​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នូវ​គម្រោង​ស្ពាន​ជា​ជំហាន​ទី១​នេះ លោក​ម៉េត មាសភក្ដី​បញ្ជាក់​ថា នៅ​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​ភាគី​ពាក់ព័ន្ធ​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​សាងសង់​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​គោលការណ៍​ណា​មួយ​ពី​ថ្នាក់​ដឹក​នាំ​ដែរ​។

បើ​តាម​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​បំផុត​។ ស្ពាន​នេះ​ក៏​ជា​សរសៃឈាម​សម្រាប់​តភ្ជាប់ និង​ជំរុញ​ការអភិវឌ្ឍន៍​ឲ្យ​កាន់​តែ​រីកចម្រើន​ទៅ​កាន់​តំបន់​ជាយ​ក្រុង និង​ជាប់​រាជធានី​ភ្នំពេញ​។ មិន​តែ​ប៉ុណ្ណោះ​វា​គឺ​ជា​សក្ខីភាព​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​នេះ គេហទំព័រ​អចលនទ្រព្យ Property Area បាន​ចុះផ្សាយ​ពី​ទស្សនៈ​របស់​អ្នក​ជំនាញ​អចលនទ្រព្យ​ថា គម្រោង​ស្ពាន​អាកាស ដែល​កំពុង​សាងសង់​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ក្លាយ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​ដីធ្លី និង​តម្លៃ​ដីធ្លី ដោយ​អ្នក​ជំនាញ​មើល​ឃើញ​ថា តាម​រយៈ​ការ​អភិវឌ្ឍ​ដែល​មាន​ស្រាប់ រួម​ផ្សំ​នឹង​គម្រោង​ស្ពាន​អាកាស​ថ្មី​នេះ​នឹង​នាំ​មក​នូវ​ការ​កែប្រែ​តំបន់​នេះ​ជា​តំបន់​លំនៅឋាន និង​ការិយាល័យ​ថ្មី នា​ពេល​អនាគត​។

គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​សាងសង់​ឡើង​នៅ​ចំណុច​ប្រសព្វ​នៃ​មហាវិថី​ព្រះ​មុនីវង្ស មហា​វិថី​កងយោធពលខេមរភូមិន្ទ (២៧១) មហាវិថី​សម្ដេច​តេជោ​ហ៊ុន សែន និង​ស្ពាន​ព្រះមុនីវង្ស​ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ១​ត្រើយ​ខាង​កើត​នៃ​ទន្លេ​បាសាក់​។ ត្រង់​នេះ​គេ​ហៅ​ថា ក្បាលថ្នល់ គឺ​ជា​ចំណុច​ដែល​មាន​ចរាចរណ៍​ស្មុគស្មាញ​ណាស់ និង​កកស្ទះ​ជា​ប្រចាំ​។

គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២២​។ ស្ពាន​អាកាស​ថ្មី​នេះ គឺ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC និង​ចំណាយ​ថវិកា​ប្រមាណ ៣៦ លាន​ដុល្លារ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.