ភ្នំពេញ÷ក្មេងស្រីពិការជើងម្នាក់ រអិលជើងធ្លាក់កៀបជាប់ប្រឡោះជញ្ជាំងជាច្រើនម៉ោង ហើយត្រូវបានក្រុមជួយសង្គ្រោះកាត់ជញ្ជាំងយកចេញដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦:២០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ៣៥១ ផ្ទះលេខ២៦ ក្នុងក្រុម៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុក្មេងស្រីរងគ្រោះ បានរអិលជើងធ្លាក់ពីផ្ទះជាន់ទី៣មក ដោយធ្លាក់ចូលប្រឡោះជញ្ជាំងកៀបជាប់រើខ្លួនមិនរួច ត្រូវបានប្រជាពលរដ្ឋជួយទាញដោយប្រើពេលជាច្រើនម៉ោងតែមិនបានសម្រេច ក៏រាយការណ៍ទៅកងប្រតិបត្តិការរុករក នឹងសង្គ្រោះគ្រោះមហន្ដរាយ៧១១ កងពលតូចលេខ៧០ ចេញមកជួយអន្តរាគមន៍ ដោយក្រុមសង្គ្រោះបានប្រើប្រាស់ជំនាញ ដោយប្រើម៉ូទ័រកាត់ទំលុះជញ្ជាំង ប្រហែល១៥នាទី ជួយសង្គ្រោះក្មេងរងគ្រោះបានដោយជោគជ័យ។

ក្មេងស្រីរងគ្រោះ មានឈ្មោះ សុខ នីតា អាយុ១៣ឆ្នាំ ជាមនុស្សពិការជើងស្ដាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហតុ ជាមួយឪពុកមានជំងឺស្លាប់មួយចំហៀងខ្លួន ឯម្ដាយមានមុខរបរដើរសុំទាន។ ក្រោយពីជួយសង្គ្រោះបានដោយជោគជ័យ ក្មេងស្រីរងគ្រោះត្រូវបានដឹកបន្ដទៅសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផាទាំងយប់៕

អត្ថបទ៖ត្រយងតូច

Share.