ភ្នំពេញ ៖ បុរសជាកម្មករចាក់សសរគ្រឹះម្នាក់ បន្ទាប់ភ្ញាក់ពីដំណេករៀបចំខ្លួនបម្រុងចេញទៅធ្វើការងារ ចុះទៅយកម៉ូតូ ស្រាប់តែស្រឡាំងកាំង មិនដឹងថាលោកចោរចូលលួចយកទៅបាត់ស្រមោល តាំងពីពេលណា សាកសួរអ្នកក្បែរខាងក៏គ្មានអ្នកណាដឹង។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AD-5555 ម្ចាស់រងគ្រោះមានឈ្មោះ សុខ សេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករចាក់សសរគ្រឹះ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ នៅជាន់ទី១ មានស្រុកកំណើត ភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា ម៉ូតូក្រោយពីវិលត្រឡប់មកពីធ្វើការវិញ ចតទុកដាក់ក្បែរជណ្តើរ ហើយឡើងទៅដេកសម្រាកនៅបន្ទប់ជាន់ទី១ រហូតដល់ព្រឹកឡើង ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៤នេះ ក្រោកពីដំណេករៀបចំខ្លួន ចេញទៅធ្វើការងារ គ្រាន់តែចុះមករកម៉ូតូ ស្រាប់តែមិនឃើញ ទើបដឹងថាមានជនសង្ស័យលួចយកទៅបាត់ សាកសួរអ្នកក្បែរខាងក៏គ្មានអ្នកណាដឹង មានតែទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.