សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត​-​កែប លោក ប៊ុន ណារិន បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​អំបិល​សម្គាល់​ភូមិសាស្ត្រ (GI) ទៅ​កាន់​អឺរ៉ុប​ចំនួន ១៧០,០០០តោន តែ​បើ​បូក​សរុប​ទាំង​ការ​នាំ​ចេញ​រាយរង​ទៀត​ គឺមាន​ចំនួន​ជាង ១៨០,០០០តោន​ ខណៈ​សមាគម​កំពុង​ចរចា និង​រៀបចំ​​នាំ​ចេញ​បន្ដទៅ​ទីផ្សារ​អាមេរិក​ទៀត​។

លោក​ ណារិន ​សង្ឃឹម​ថា ដំណើរ​នេះ​នឹង​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ​កម្ពុជា​នឹង​មាន​ឱកាស​នាំ​អំបិល GI កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ​។

សូម​បញ្ជាក់​ថា អំបិល​កំពត-កែប​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម សម្រេច​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ រួម​គ្នា​ជាមួយ​ផលិតផល​កម្ពុជា ២​ប្រភេទ​ទៀត គឺ ទឹកត្រី​កំពត-កែប និង​បង្កង​តាកែវ នៅ​ថ្ងៃ​ទី ២៦ មេសា ឆ្នាំ​២០២៣ ក្នុង​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​។

លោក ប៊ុន ណារិន បាន​ប្រាប់​សារព័ត៌មាន​ត្រយង​ថា មក​ដល់​ដើម​ឆ្នាំ​២០២៤ សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត​-​កែប ទទួល​បាន​សមាជិក​ជា​ម្ចាស់​ស្រែ​អំបិល​ចំនួន​១១​នាក់ ដែល​សមត្ថភាព​ផលិត​អំបិល​បាន ១ម៉ឺន​តោន និង​ក្រុមហ៊ុន​កែច្នៃ និង​វេច​ខ្ចប់​ចំនួន​៤​។ លោក​បញ្ជាក់​ថា «គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ២០២៤ សមាគម​ផលិត​អំបិល​បាន​៖ លេខ១ ចំនួន ២៧៥តោន លេខ២ ចំនួន ១,៣៣០តោន លេខ៣ ចំនួន ២,៥៧០តោន និង​ផ្កា​អំបិល​ចំនួន ២តោន​ »​

យោង​តាម​លោកស្រី ស៊ឹម ណារី ប្រធាន​ស្ដីទី នៃ​មន្ទីរ​ឧស្សាហកម្ម ខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយសារ​អាកាសធាតុ​អំណោយផល ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​បាន​ល្អ​ប្រសើរ និង​ប្រមូល​ផល​អំបិល​បាន ជាង​៣​ម៉ឺន​តោន​។ លោក​ស្រី​បន្ត​ថា «ប្រសិន​អាកាសធាតុ​បន្ត​អំណោយផល​បែប​នេះ រហូត​ដល់​ខែ​ឧសភា​នោះ ផលិតផល​អំបិល​ឆ្នាំ​២០២៤ អាច​ទទួល​បាន​ដល់ ៨ម៉ឺន ទៅ​ជាង​១​សែន​តោន ​»

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០២៣ កន្លងទៅ កម្ពុជា​ផលិត​អំបិល​បាន​ជាង​ ៧៩,០០០ តោន និង​នៅសល់​បន្ទាប់ពី​ការប្រើប្រាស់​រួច​ចំនួន​ជាង​១​៧,០០០​តោន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.