ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ហៅកាត់ថា ក.យ.គ. នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសណ្ឋាការសុខាភ្នំពេញ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក.យ.គ. នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរយុវជនជាសិស្ស-និស្សិតចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយ ស.ស.យ.ក.។

សន្និបាត ក.យ.គ. បានប្រព្រឹត្តដោយមានការធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន ៤ រួមមាន ទី១-តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា ទី២-ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ទី៣-យុវជននិងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល និងទី៤-យុវជននិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។ 

ក្នុងឱកាសថ្លែងរបាយការណ៍ស្វាគមន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានរំលេចអំពីសមិទ្ធផលការងារឆ្នាំ២០២៣ របស់ ក.យ.គ. ដូចជាការបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ការបំផុសស្មារតីនិងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការបំផុសកម្មភាពស្រលាញ់និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីជាតិ ការផ្សព្វផ្សាយអំពីតម្លៃសន្តិភាពនិងវឌ្ឍនភាពជាតិ និងការណែនាំតម្រង់ទិសយុវជនឱ្យចៀសឆ្ងាយពីអំពើអបាយមុខក្នុងសង្គម។ 

ក្នុងនាមអង្គសន្និបាត ឯកឧត្តមអភិសន្តិតបណ្ឌិត ស សុខា ក៏បានបង្ហាញនូវអំណរសាទរប្រកបដោយក្ដីមោទនៈ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ និងត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណអង្គសន្និបាត និងបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ។

ទន្ទឹមនិងបានឯកភាពសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ឱ្យ ក.យ.គ. បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដី សម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សានិងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុរបស់ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាពដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាព។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក.យ.គ. បានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រីកវិសាលភាព ស.ស.យ.ក. ឱ្យកាន់តែទូលំទូលាយ។

ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតឡើងតាមសេចក្តីសម្រេចចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ចុះហត្ថលេខាដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក.យ.គ មានគោលដៅបណ្តុះមនសិការយុវជន ពិសេសសិស្ស និស្សិត ឱ្យស្រឡាញ់សន្តិភាព វប្បធម៌ អត្តសញ្ញាណជាតិ បរិស្ថាន អប់រំណែនាំនិងបញ្ចៀសយុវជនឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើខុសច្បាប់នានា ព្រមទាំងណែនាំនិងតម្រង់ទិសយុវជនក្នុងការរៀបចំផែនការជីវិត ដើម្បីភាពជោគជ័យ និងអនាគតភ្លឺស្វាង៕

អត្ថបទ៖ សង្គម

Share.