ភ្នំពេញ៖ មន្ត្រីនគរបាលជាតិចំនួន ៥៩រូប តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ។

មន្ត្រីនគរបាលជាតិទាំង៥៩រូប ដែលត្រូវដកចេញពីក្របខ័ណ្ឌ មានដូចជា÷ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន០៣នាក់។  ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន ០៣នាក់។ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន០៦នាក់។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០៤នាក់។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន០៣នាក់។ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន០១នាក់។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន០១នាក់។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន០១នាក់។ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៤នាក់។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣នាក់។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០៦នាក់។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន០១នាក់។ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន០២នាក់។ ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន០២នាក់។  ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០៥នាក់។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០១នាក់។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣នាក់។

ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

តាមលោកបណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាន បញ្ជាក់ឱ្យដឹងថា មន្រ្តីនគរបាលទាំង៥៩នាក់នេះ សុទ្ធតែធ្វើតេស្តរកឃើញសារធាតុញៀននៅក្នុងខ្លួន ដូចច្នេះត្រូវតែអនុវត្តវិធានការដាច់ណាត់ ពោលគឺបណ្តេញចេញពីក្របខ័ណ្ឌ តាមមូលដ្ឋាន៣សំខាន់៖ ទី១ គឺ មរតកតេជោ  ពោលគឺអភិក្រមទាំង៥ នឹងអភិក្រមចុងក្រោយគឺវះកាត់។ ទី២ គឺផ្អែកលើមូលដ្ឋានសម្អាតផ្ទះយើង របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី។​ ហើយទី៣ ផ្អែកលើទស្សនអ្វីៗ ធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា ដូច្នេះសូមឱ្យមន្រ្តីទាំងអស់ចាប់ពីពេលនេះតទៅកុំមានពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងការប្រើប្រាស់ និងជួញដូរ ឬក៏បទល្មើសផ្សេងៗដ៏ទែទៀត បើមិនដូចច្នោះទេ នឹងប្រឈមការបណ្តេញចេញពីក្របខ័ណ្ឌដូចពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សង្គម

Share.