លោក Huang Guohui (ស្ដាំដៃ)

លោក Huang Guohui គ្រូ​បង្វឹក​ហែលទឹក​​ជនជាតិ​ចិន ដែល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម បាន​ទទួល​មរណភាព​នៅ​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក ក្រោយ​ធ្វើដំណើរ​ត្រឡប់​មក​ពី​​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ​Olympic Games 2020 នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សារព័ត៌មាន VnExpress របស់​វៀតណាម បាន​បញ្ជាក់​ថា​មរណភាព​របស់​គ្រូ​​បង្វឹក​រូប​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ តែ​អាជ្ញាធរ​ក្នុង​ទីក្រុង​ហាណូយ ដាក់​ការ​សង្ស័យ​ជា​បឋម​ថា​​ទំនង​ជា​អំពើ​អត្តឃាត។ លោក Trần Đức Phấn នាយ​បេសកកម្ម​ប្រតិភូ​​អត្តពលិក​វៀតណាម បាន​បញ្ជាក់​ថា​លោក Huang Guohui បាន​មរណភាព​នៅ​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០២១ ថ្មីៗ​នេះ​ ប៉ុន្តែ​លោក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​​២ដូស​ រួចរាល់​ហើយ​ផង​ដែរ។

លោក Huang Guohui បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ហែល​ទឹក​វៀតណាម កាល​ពី​ឆ្នាំ​២០០៣ ហើយ​ធ្លាប់​សាង​ស្នាដៃ​ឈ្នះ​មេដាយ​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ​ទាំង​ក្នុង​កីឡា​ស៊ីហ្គេម កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games និង​ពានរង្វាន់​មួយ​ចំនួន​ផ្សេង​ទៀត៕

Telegram-Troryorng
Share.