ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែរ អាមេរិក ត្រូវបានបងប្អូនបនរជាពលរដ្ឋប្រទះឃើញដួលស្លាប់ផ្កាប់មុខលើគ្រែ សង្ស័យគាំងបេះដូង ដោយសារញៀនស្រា បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវរថភ្លើង ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ នឹម សំ ភេទប្រុស អាយុ៥០ឆ្នាំ ជាអនិកជនខ្មែរ ត្រូវបាន បណ្តេញចេញពីសហរដ្ឋអាមេរិក មកស្រុកខ្មែរគ្រប់គ្រងដោយអង្គការខ្វាវ ដែលមានទីតាំងនៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុ ជាប់ព្រំប្រទល់ជាមួយខណ្ឌពោធិ៍សែនជ័យ ក៏ប៉ុន្តែជនរងគ្រោះ ញៀនស្រា ដើរផឹកសុី មកដេកសម្រាក នៅកន្លែងកើតហេតុ ដែលមានឳពុកឈ្មោះ មូច នឹម អាយុ៨២ឆ្នាំ និងម្តាយឈ្មោះ លុន អឿម អាយុ៨០ឆ្នាំ ស្រុកកំណើតនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

បើតាមបុរសម្នាក់ ជាអ្នកគ្រប់គ្រងអង្គការខ្វាវ បានឱ្យដឹងថា បុរសខាងលើ ដោយសារផឹក ស្រវឹងដើរបង្កបញ្ហា ប្រព្រឹត្តល្មើសពីច្បាប់អាមេរិក ទើបគេបណ្តេញចេញ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ច្រើនខែឆ្នាំមកហើយ គ្រប់គ្រងដោយអង្គការខ្វាវ តែបុរសរូបនេះ នៅតែមិនកែខ្លួន ដើរផឹកសុី រហូតធ្លាក់ខ្លួនឈឺ បន្ទុកលើអង្គការ នាំយកទៅពេទ្យ ហើយបន្តផឹករហូតគ្មានថ្ងៃស្វាង មិនដេកស្នាក់នៅអង្គការទេ ពោលដើរតែដេកតាម មិត្តភក្តិ តាមផ្លូវរថភ្លើង រហូតមកដល់ព្រឹកថ្ងៃនេះ ពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខលើគ្រែ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះ ញៀនស្រា ផឹកស្រវឹងរាល់ថ្ងៃទៅហើយ មានផ្ទះសម្បែង ឪពុកម្តាយ បងប្អូនដែរ តែមិនទៅស្រុក សុខចិត្តដេកដើរសេរី រាជធានីភ្នំពេញ ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញស្នងការរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.