ភ្នំពេញ ៖ រថយន្តឡិចសុីសRX300មួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើស្ពានផ្សារដីហុយ បង្កឱ្យភ្ញាក់ផ្អើលអស់អ្នកដំណើរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ នៅលើស្ពានផ្សារដីហុយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះអគ្គិភ័យខាងលើម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-2319 ត្រូវបានភ្លើងឆេះអស់ទាំងស្រុង សល់តែគ្រោងដែក ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តខាងលើបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច ខណៈដែលកំពុងបើកឡើងដល់លើស្ពានស្រាប់តែឆ្លងប្រព័ន្ធភ្លើង បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅឡើង អ្នកបើកបរនិងអ្នករួមដំណើរចុះចេញផុត បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ក្រោយកើតហេតុ រថយន្តសល់តែគ្រោងដែក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.