ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីតរាយខ្សែភ្លើងយកទៅឆក់ត្រីក្នុងស្រះខាងក្រោយផ្ទះ មិនទាន់បានត្រីមួយផង ស្រាប់តែឆ្លងឆក់ស្លាប់ខ្លួនឯង ម្តាយគ្រាន់តែឃើញ ដឹងថាកូនស្លាប់ រន្ធត់ចិត្តពេកគាំងបេះដូងសន្លប់ស្តូកស្តឹង ផ្អើលនាំគ្នាជួយសង្គ្រោះជីវិតម្តាយ ។ ហេតុការណ៍ខាងកើកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះ សុិន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ ជាបុរសពោះម៉ាយ មានកូនប្រុស១នាក់ អាយុ៤ឆ្នាំ រស់នៅផ្ទះក្នុងភូមិខាងលើជាមួយម្តាយឈ្មោះ មាស រឿន អាយុ៦៦ឆ្នាំ មុខរបរកសិករ ។

បើតាមសាច់ញាតិបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានតរាយខ្សែភ្លើង មានភ្ជាប់ជាមួយដងឫស្សី យកទៅចុះឆក់ត្រីក្នុងទឹកស្រះខាងក្រោយផ្ទះ ចំណែកកូនប្រុសនៅអង្គុយមាត់ស្រះ ខណៈពេលដែលជនរងគ្រោះចាប់ផ្តើមឆក់ មិនទាន់ទាំងបានត្រីមួយផង ស្រាប់តែប៉ះមុខតំណរឆ្លងឆក់ប្រកាច់ធ្លាក់ចូលក្នុងទឹកស្រះ ហើយកូនប្រុសឃើញឳពុកធ្លាក់ទឹក ភ័យស្រែកយំ ម្តាយរបស់ជនរងគ្រោះឮសូរចៅស្រែកយំ រត់មកមើល ផ្អើលឆោឡោ បងប្អូនកាត់ ផ្តាច់ខ្សែភ្លើងចេញ នាំគ្នាស្រង់ឡើងគោក តែដោយមិនអស់ចិត្ត ហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតួចលេខ៧០ ទៅដល់ពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ចំណែកម្តាយវិញ គ្រាន់តែដឹងថាកូនប្រុសស្លាប់ហើយ រន្ធត់ ស្លុតចិត្តពេក រហូតដល់កើតមានអាការៈគាំងបេះដូង ទន់ដៃជើងសន្លប់ស្តូកស្តឹង ផ្អើលអ្នកស្រុក បងប្អូន ត្រូវបានក្រុមសង្គ្រោះ ជួយសង្គ្រោះបឋម ទើបដឹងខ្លួនវិញ ប្រគល់ឱ្យក្រុមគ្រួសារជួយសម្រួលផ្លូវអារម្មណ៍របស់គាត់ ។

ករណីខាងលើ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញស្នងការរាជធានីភ្នំពេញ ទៅធ្វើការពិនិត្យ កោសល្យវ័យ ឃើញថាស្លាប់ដោយសារការធ្វេសប្រហែស ឆក់ចរន្តអគ្គិសនីស្លាប់ខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកលតហេតុ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.