កណ្តាល ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តបែនដឹកដី ប្រភេទយុីឌុប បើកបត់ស្តាំបុកកៀរម៉ូតូហុងដាឌ្រីម ដួលកិនជនរងគ្រោះ ខ្ទេចក្បាល ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២១ ខាងក្រោមស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ មានឈ្មោះ សុខឿន មករា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ប្រភេទបែនយុីឌុប ដឹកដី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-2015 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកកៀរម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-3899 ដួលហើយកិនជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅអន្តរាគមន៍ ពិនិត្យសាកសព ទំនាក់ទំនងទៅក្រុមគ្រួសារ ឬទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ ក្រោយពីសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.