គោលនយោបាយ​បញ្ចកោណ​ដំណាក់​កាល​ទី១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ នៅ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់​លើ​សមភាព​យេនឌ័រ និង​កំពុង​ធ្វើ​នវានុវត្តន៍​វិស័យ​នេះ​ឲ្យ​ស្រប​ទៅ​តាម​បដិវត្ត​កម្ម​ឌីជីថល ពោល​គឺ​សមភាព​យេនឌ័រ​ក្នុង​សម័យ​ឌីជីថល​។ ហេតុ​នេះ​ហើយ លោកស្រី ស ស៊ីណែត អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា រហូត​ដល់​ឆ្នាំ​២០៣០ វិស័យ​យេនឌ័រ​នឹង​កាន់​តែ​ល្អ​ប្រសើរ ឆ្លើយតប​ទាន់​ពេលវេលា​នៃ​យុគសម័យ​ឌីជីថល ក៏​ដូច​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។

ជាមួយ​គ្នា​នេះ លោកស្រី ម៉ៅ ម៉ាប់ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន លើក​ឡើង​ថា សមភាព​យេនឌ័រ​ក្នុង​សម័យ​ឌីជីថល​កំពុង​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ប៉ុន្តែ​ស្ត្រី និង​ក្មេង​ស្រី​ក៏​កំពុង​ប្រឈម​នឹង​ការ​បៀតបៀន​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​ផង​ដែរ​។

លោកស្រី ម៉ៅ ម៉ាប់ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន

«​យើង​សង្កេត​ឃើញ​ថា ស្ត្រី​ជា​ច្រើន​កាន់​តែ​មាន​សមត្ថភាព​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន ដូច​ជា​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​ខ្លួន ហើយ​ស្ត្រី​ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស​ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដើម្បី​ផ្សព្វផ្សាយ​ចែករំលែក​ពាក់ព័ន្ធ​នឹង​ការ​លើក​កម្ពស់ និង​ការ​ប្រើប្រាស់​សិទ្ធិ​ជា​ដើម​»​។ នេះ​ជា​ការ​ពន្យល់​របស់​លោកស្រី ម៉ៅ ម៉ាប់​។

លោកស្រី​បន្ត​ថា «លើស​ពី​នេះ​ស្ត្រី​ដែល​ជា​អ្នក​បង្កើត​មាតិកា​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ក៏​មាន​ច្រើន​ដែរ ពួក​គាត់​សុទ្ធសឹងតែ​មាន​សមត្ថភាព និង​សេរីភាព​ពេញលេញ​ក្នុង​ការ​បង្កើត​មាតិកា​ចែករំលែក​ចំណេះដឹង ដំណឹង ការកម្សាន្ត សុខភាព និង​មតិយោបល់​នានា​ទៅ​ក្នុង​សង្គម ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ស្មើភាព​គ្នា​នឹង​បុរស​»​

ទន្ទឹម​នេះ លោកស្រី ស ស៊ីណែត ពន្យល់​ថា «​អនុលោម​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការ​នារី​កំពុង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព និង​ការ​អនុវត្ត ព្រមទាំង​បន្ត​វិនិយោគ​បន្ថែម​លើ​វិស័យ​សមភាព​យេនឌ័រ​ឲ្យ​កាន់​តែ​ធំ ធ្វើ​យ៉ាងណា​ឲ្យ​ស្ត្រី និង​ក្មេង​ស្រី​ទទួល​បាន​ឱកាស​ចូលរួម ការអភិវឌ្ឍន៍ សេវា​សាធារណៈ និង​ជំនួយ​ផ្សេងៗ​»​

លោកស្រី ស ស៊ីណែត អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី​

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោកស្រី ម៉ៅ ម៉ាត់​មើល​ឃើញ​ថា ការ​រំលោភ​បំពាន តាម​រយៈ​ការ​ជេរ​ប្រមាថ ការ​បញ្ចេញ​មតិ​យោបល់​មិន​សមរម្យ ការ​បៀតបៀន​តាម​រយៈ​ពាក្យ​សម្ដី និង​កាយ​វិការ ព្រមទាំង​រូបភាព​ផ្សេងៗ​ទៀត​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​នៅ​តែ​ជា​បញ្ហា​ប្រឈម និង​កំពុង​គំរាមកំហែង​ដល់​ស្ត្រី ដែល​ការណ៍​នេះ​វា​ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​វិស័យ​សមភាព​យេនឌ័រ​ផង​ដែរ​។ លោកស្រី​ស្នើ​ថា «​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​រាជរដ្ឋាភិបាល គួរ​តែ​ពិនិត្យ​មើល​ចំណុច​នេះ និង​ចាត់​វិធានការ​បន្ថែម ដើម្បី​ធ្វើ​យ៉ាង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​សេរីភាព មិន​មាន​គំនាប​ពី​សង្គម និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​ក្មេង​ស្រី​»​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.