ភ្នំពេញ ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកមនុស្ស៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងនោះមានក្មេងស្រីម្នាក់អាយុ៩ឆ្នាំរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តកូរ៉េឃ្លុបដឹកទឹកសុទ្ធ បើកល្បឿនលឿនវ៉ាជែងចូលបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកកិនម៉ូតូគុប ដែលជិះឌុបគ្នា៣នាក់ពូក្មួយ និងបន្តទៅបុកម៉ូតូកង់បី ដែលជិះ បើក ច្រាសទិសគ្នា ហើយរថយន្តព្យាយាមបើករត់គេច បានចម្ងាយជាង២០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីរងគ្រោះ ខាងម៉ូតូគុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-0512 ជិះគ្នា៣នាក់ បើកដោយឈ្មោះ ចុន វិសាល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ (របួសធ្ងន់ បាក់ជើងសងខាង) មានស្រុកកំណើតភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឌុបក្មួយស្រី២នាក់ ឈ្មោះ ផន ស្រីណុច អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ រៀននៅសាលាបឋមសិក្សាអូរដឹម (ស្លាប់) និងឈ្មោះ ផន ស្រីនាង អាយុ៩ឆ្នាំ មុខរបរសិស្ស រៀននៅសាលាបឋមសិក្សាអូរដឹម (របួសធ្ងន់) ។ ជនរងគ្រោះទាំង៣នាក់ពូនិងក្មួយ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ភាគីម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GZ-2592 បើកបរដោយ ឈ្មោះ ជុំ ចាន់វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល) ។

ចំណែករថយន្តបង្កកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ឃ្លុប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2791 អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនៅកន្លែង បានឱ្យដឹង មុនកើតហេតុ រថយន្តបង្កបើកល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ បើកគេចវ៉ាជែង រថយន្តខាងមុខ រេចង្កូតចូលបំណែកផ្លូវម្ខាងទៀត ជ្រុលបុកកិនម៉ូតូគុប បន្តទៅបុកម៉ូតូកង់បី ដែលបើកពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់ស្រាល៣នាក់ រថយន្តបើករត់គេចបានចម្ងាយជាង២០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ ។

ក្រោយកើតហេតុ បុរសរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកក្មេងស្រីម្នាក់របួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង ។ សពក្មេងស្រីម្នាក់ សមត្ថកិច្ចពិនិត្យស្លាកស្លាម ធ្វើឯកសាររួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯមធ្យោបាយទាំង៣គ្រឿង រួមទាំងអ្នកបើកបររថយន្តបង្កផង ប្រគល់ឱ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនេជ័យ

Share.