ភ្នំពេញ ៖ បុរស២នាក់បងប្អូន ជិះម៉ូតូឌុបគ្នាលឿន បត់មិនទាន់ជ្រុលបុកបង្គោលភ្លើង បណ្តាលឱ្យរងរបួស បងរបួសធ្ងន់ ប្អូនរងរបួសស្រាល ម៉ូតូបាក់កង់មុខ ។ ហេតុការណ័ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅគន្លងផ្លូវជាប់ស្ពានអាកាសចោមចៅ ជ្រុងខាងជើង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ ផេង ពុតដឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងស្គា ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានស្រុកកំណើត ភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (របួសធ្ងន់)។ ចំណែកប្អូនប្រុសរបួសស្រាល ឈ្មោះ ផេង ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ របួសស្រាលបានឱ្យដឹងថា មុនកើតហេតុ ពីរនាក់បងប្អូន ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-5675 វិលត្រឡប់មកពីផ្ទះបងប្អូន គោលបំណង់ឆ្ពោះទៅផ្ទះនៅឯងស្រុកបសេដ្ឋ ខណៈដែលធ្វើដំណើរតាមផ្លូវចោមចៅ ចុះក្រោមស្ពានអាកាសចោមចៅ ច្រឡំគន្លងផ្លូវ មិនបានបត់ឡើងទៅខាងផ្លូវជាតិលេខ៣ បែជាឡើងទៅគន្លងផ្លូវខាងផ្លូវជាតិលេខ៤ បត់មិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងតែម្តង បងប្រុសរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងខូចខាតបាក់កង់មុខ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.