ភ្នំពេញ៖ លោកបណ្ឌិតទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទៅ១០ ខែមីនា ឆ្នាំ២០២៤នេះថា មកដល់ពេលនេះគឺសមត្ថកិច្ចរបស់ចិន ដោយមានការស្នើសុំអន្តរាគមន៍ពីខាងកម្ពុជា មានក្រសួងមហាផ្ទៃ មានក្រសួងការបរទេសកម្ពុជា គឺសមត្ថកិច្ចនគរបាលចិន បានទៅយកប្អូនស្រីរងគ្រោះ ចេញពីបន្ទប់ ដែលម្ចាស់ផ្ទះឃុំឃាំងមិនឱ្យទៅណាមកណានោះរួចហើយ ហើយនឹងបន្តនីតិវិធីជាមួយស្ថានអគ្គកុងស៊ុលរបស់កម្ពុជាបន្តទៀត ដើម្បីចាត់ចែងបញ្ជូនប្អូនស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនាឆ្នាំ២០២៤ថ្មីៗនេះ មានគេហទំព័រគណនីអាខោនហ្វេសប៊ុកឈ្មោះ នាងធីដា បានបង្ហោះ វីដេអូឃ្លីប ភ្ជាប់ជាមួយគេហទំព័រគណនីអាខោនហ្វេសប៊ុក លី ណា ដែលមានខ្លឹមសារថា “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំ មានឈ្មោះថា ភិផា មានអាយុ ១៦ឆ្នាំ ហើយអ្នកខេត្តត្បូងឃ្មុំ អ្នកស្រុក ក្រូចឆ្មារ អ្នកភូមិខ្សាច់ប្រឆេះក្រោម ឥឡូវហ្នឹងខ្ញុំ បានចាញ់បោកគេ ហើយមេខ្យល់យកខ្ញុំមកលក់នៅឯ ប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែគេយក ខ្ញុំមកលក់ ហើយគេយកខ្ញុំមកយកប្តីចិន គេចាប់ខ្ញុំឃុំ ៦ខែ ហើយគេចាក់សោរពីក្រៅទៀត អញ្ចឹងខ្ញុំមានតែម្រាមដៃ ១០ សំពះសុំជំនួយសម្តេចយាយ សម្តេចតា សម្តេច ហ៊ុន សែន ជួយកូនចៅទៅវិញផង។

ក្រោយពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់ស្នងការនគរបាលខេត្ត សហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យ ស្រាវជ្រាវជាបន្ទាន់ភ្លាមៗ ដោយបានចុះជួបឈ្មោះ រ៉ុម គន្ធា ភេទ ស្រី អាយុ ៣១ឆ្នាំ ដែលត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ(រុំ ភិផា) បានរៀបរាប់បញ្ជាក់ប្រាប់កម្លាំង នគរបាលជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ថាកាលពីកំឡុងដើមឆ្នាំ២០២៣ ប្អូនស្រីរបស់គាត់ ដែល មានឈ្មោះ រុំ ភិផា ភេទសី កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ មានទីលំនៅបច្ចុប្បន្នភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកដមែន គឺបានចេញពីផ្ទះទៅរាជធានីភ្នំពេញ ដើម្បីធ្វើការ រោងចក្រកាត់ដេរ នឹងតែងតែផ្ញើប្រាក់ខែមកឧបត្ថម្ភគ្រួសារជាប្រចាំរាល់ខែ លុះ ៥-៦ខែក្រោយមកស្រាប់តែ បាត់មិនឃើញ និងទាក់ទងលែងបានតែម្តង។ ពេលនោះគាត់(បងស្រីបង្កើត) និងក្រុមគ្រួសារពុំបានរាយការណ៍ មកសមត្ថកិច្ចនោះទេ ដោយគិតថាគាត់(ជនរងគ្រោះ) ខឹងនរណាម្នាក់ក្នុងគ្រួសារ ឬមានសង្សា មិនឱ្យគ្រួសារ ដឹងជាដើម ទើបនៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ ក៏បានឃើញមានការផុសវីដេអូឃ្លីបរបស់គាត់ (ជនរងគ្រោះនៅខេត្តលីសួយជីញធាន ប្រទេសចិន) និងបានប្ដឹងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រួសារ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសហការជាមួយនឹងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្ដល់ព័ត៌មានដល់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា ធ្វើការស្រាវជ្រាវ រហូតរកឃើញក្មេងស្រីរងគ្រោះ និងបាននាំចេញពីបន្ទប់ដែលម្ចាស់ផ្ទះ ឃុំឃាំងនោះ ហើយក៏កំពុងបន្តនីតិវិធីបន្តទៀត ដើម្បីចាត់ចែងបញ្ជូនប្អូនស្រីមកកាន់ស្រុកកំណើតវិញ ព្រមទាំងស្វែងរកមេខ្យល់មកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ សង្គម

Share.