ភ្នំពេញ ៖ ក្មេងស្រីចំនួន៣នាក់ មិនចូលរៀន បែរជាជិះម៉ូតូឌុបគ្នាដើរលេង បើកបោះពួយលឿនជ្រុល ទៅបុកពីក្រោយរុឺម៉ករថយន្តកុងតឺន័រ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ បាក់ជើង បែកភ្នែក ឪពុកម្តាយទៅដល់រន្ធត់ចិត្ត មិនគួរណាឱ្យទៅរៀន បែរនាំគ្នាជិះម៉ូតូដើរលេងបណ្តាលឱ្យជួបគ្រោះទៅវិញ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ខាងជើងជាប់ស្ពានអាកាសផ្លូវល្បឿនលឿន ចំណុចភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះទាំង៣នាក់ ៖ ទី១ ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខព្ឌពោធិសែនជ័យ (ស្លាប់) ។ ទី២ ឈ្មោះ គឹម ឌីណា អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ (រងរបួសធ្ងន់បាក់ជើងឆ្វេង )។ ទី៣ ឈ្មោះ ញ៉ែម រក្សា អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ (រងរបួសធ្ងន់ បាក់ជើងឆ្វេង បែកភ្នែក )។ ក្មេងស្រីរងគ្រោះទាំង៣នាក់ ជាសិស្សសាលា រៀនថ្នាក់ទី៨A នៅវិទ្យាល័យអារុណវតី សង្កាត់ត្រពាំងក្រសាំង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-0621 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ គេឃើញក្មេងសិស្សសាលាមួយក្រុម មានប្រុស មានស្រី ជិះម៉ូតូច្រើនគ្រឿង តាមដងផ្លូវ ហើយក្មេងស្រីរងគ្រោះជិះឌុបគ្នា៣នាក់ បើកល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តកុងតឺន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1069 ដែលបើកពីត្បូងទៅជើង ហើយកំពុងបត់ឆ្វេង បណ្តាលឱ្យក្មេងស្រីម្នាក់ជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ អ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះគេចខ្លួនបាត់ស្រមោល ។

នៅកន្លែងកើតហេតុ វត្តមានឪពុកម្តាយរបស់ក្មេងរងគ្រោះ ស្លុតចិត្ត មិនគួរណាមិនចូលរៀន នាំគ្នាជិះម៉ូតូដើរលេង ជួបគ្រោះថ្នាក់បែបនេះទៅវិញ ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ របួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកយកទៅសង្គ្រោះ ។ ចំណែកសពក្មេងស្រីរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមធ្យោបាយទាំង២គ្រឿង រថយន្តកុងតឺន័រ និង ម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.