សង្គមសិល្បៈ៖ សិស្ស និស្សិត បញ្ញាវន្ត បណ្ឌិត មន្ត្រី រាជការ បានសម្រុកទៅចូលរួមគាំទ្រស្នាដៃអ្នកនិពន្ធជាច្រើន ដោយបង្កជាសំឡេង​អ៊ូអរ​យ៉ាងកងរំពងពេញបរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ពីថ្ងៃទី ៩-១០-១១ មីនា ២០២៤​នេះ ក្នុងកម្មវិធីពិព័រណ៍សៀវភៅ ដើម្បីអបអរទិវាជាតិអំណានលើក៩។

ស្ដង់សៀវភៅ ១០០ ស្ដង់ ត្រូវបានមើលឃើញដោយសៀវភៅរាប់ម៉ឺនក្បាលមានក្របទំព័រមុខជាស្នាដៃនិពន្ធជាតិ និងអន្តរជាតិចុះពណ៌ជាច្រើនចំណងជើង ច្រើនប្រភេទខុសៗគ្នារំលេចដោយភាពច្នៃប្រឌិត ពាសពេញ​ដោយ​មនុស្ស​ដើរ​កាត់​ទៅ​មក ​សួរនាំទៅកាន់អ្នកលក់ និងតម្រង់ជួរត្រាបត្រារង់ចាំយកហត្ថលេខាអនុស្សាវរីយ៍ពីអ្នកនិពន្ធ ដែលមើលហើយគួរឱ្យរំភើបជំនួស។

ទិវា​ជាតិ​អំណាន​ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ហើយទិវា​ជាតិ​អំណាន​លើកទី ១ ត្រូវបានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ ក្រោម​ប្រធានបទ​ដែល​មាន​ចំណង​ជើង​ថា «បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន»។ ក្នុង​រយៈពេល​ប្រមាណ៩ ឆ្នាំ​មក​នេះ ទិវាអំណាន​នេះ​នៅតែ​បន្ត​ប្រារព្ធធ្វើឡើងនៅ​រាជធានី​ភ្នំពេញ ក្នុងស្មារតីជំរុញលើកស្ទួយដល់វិស័យការអាន ការតាក់តែងនិពន្ធ នៅកម្ពុជាឱ្យកាន់តែរីកដុះដាល។

សម្រាប់អ្នក​និពន្ធសៀវភៅវិញ បានចាត់ទុកទិវាជាតិ​អំណាន​នេះ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ការ​អប់រំ​ក្រៅប្រព័ន្ធ ក៏ដូចជា​ជំរុញ​ឱ្យ​មាន​កិច្ច​ប្រឹងប្រែង​បន្ថែម​លើ​វិស័យ​និពន្ធ​សៀវភៅនៅកម្ពុជា​។

​យ៉ាងណាមិញ ចំថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ដែលជាថ្ងៃបិទបញ្ចប់ទិវាជាតិអំណាននេះ គឺត្រូវនឹងថ្ងៃខួបប្រសូតរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអ្នកប្រាជ្ញដែលបានបង្កើត និងចងក្រងវចុនានុក្រមភាសាខ្មែរ ដាក់ឱ្យកូនចៅប្រើប្រាស់រហូតដល់សព្វថ្ងៃ។

ការចូលរួមគាំទ្រទិញសៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធខ្មែរគ្រប់រូបនេះ ពិតជាបានបង្ហាញថា ជាការរួមចំណែករបស់កូនខ្មែរដែលកាន់តែយល់ដឹង និងផុសផុលក្នុងការសិក្សាស្រាវជ្រាវ ស្របតាមខ្លឹមសារដែលថា «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»៕

Share.