ភ្នំពេញ៖ ក្មេងទំនើង ២នាក់រងរបួសធ្ងន់ បន្ទាប់ពីដេញកាប់គេហើយបើកម៉ូតូរត់លឿនពេកក៏ជ្រុលទៅបុករថយន្តធន់ធំបណ្តាលឲ្យដួលជ្រុះដាវមួយដើម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃចន្ទ ទី១១ ខែមិនា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបផ្សារដើមថ្កូវ តាមបណ្តោយផ្លូវ២៧១ កែងនិងផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសម្ដីយុវជនពីរនាក់បានរៀបរាប់ប្រាប់ថាដំបូងឡើយពួកគាត់មានម៉ូតូ៧គ្រឿងជិះគ្នាមួយពីរនាក់ៗ មានដាវជាច្រើនដើម ក្នុងគោលបំណងទៅកាប់ក្មេងស្ទាវមួយក្រុមទៀតនៅអូឬស្សីខណៈទៅដល់បានប្រយុទ្ធគ្នាមួយប្រាវហើយក៏មានអ្នកដេញតាមពីក្រោយធ្វើឲ្យពួកគាត់បែកខ្ញែកគ្នា យុវជនឈាមរាវពីរនាក់នេះបានបើកម៉ូតូម៉ាកSUZUKI NEX II ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០១៩ ពាកស្លាកលេខភ្នំពេញ1IA.9468 បើករត់យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលបុករថយន្តធន់ធំមិនចាំម៉ាកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ហើយក៏មានដាវមួយដើមជ្រុះនៅក្បែរកន្លែងកើតហេតុ ចំណែករថយន្តក៏បានបន្តទៅមុខបាត់ស្រមោល។

ភ្លាមៗក៏មានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទាក់ទងទៅរថយន្តសាម៉ុយមន្ទីរពេទ្យរុស្ស៊ីមកដឹកយុវជនឈាមរាវទៅសង្គ្រោះជីវិតផងដែរ។ហើយខណៈពេលនោះក៏មានប៉ូលីសម្នាក់ឡើងលើរថយន្តសាម៉ុយទៅជាមួយផងដែល។ ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ បានយកម៉ូតូនិងដាវទៅរក្សាទុកបន្តតាមនីតិវិធី៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.