ភ្នំពេញ ៖ នារីឥស្លាមម្នាក់ ជានិស្សិតពេទ្យជំនាញគិលានុបដ្ឋាយិកា ឆ្នាំទី៤នៃសកលវិទ្យាល័យន័រតុន ទើបចេញពីស្តានៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព គួរឱ្យសោកស្តាយ បាត់បង់នូវធនធានមនុស្ស បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពវិញ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរថយន្តកុងតឺន័រ បើកបុករះរថយន្ត៣គ្រឿង និងម៉ូតូមួយគ្រឿង កំពុងឈប់ស្តុប ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១១ ខែមិនា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ ឈ្នះ ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នារីរងគ្រោះមាន ឈ្មោះ ស្លេះ ណាស៊ីរ៉ោះ អាយុ២១ ជនជាតិខ្មែរ ឥស្លាម ជានិស្សិតពេទ្យជំនាញគិលានុបដ្ឋាយិកា ឆ្នាំទី៤នៃសកលវិទ្យាល័យន័រតុន មកពីភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ក កុងតឺន័រ ម៉ាក MITSUBISHI ពាក់ស្លាកលេខ ចង្កូតស្តាំ KCHH-0234 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ កំពង់ឆ្នាំង 4A-0011 បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-7398 រុញបញ្ចូលផ្ទប់ពីក្រោយ រថយន្តក្រុង ពាក់ស្លាកលេខ រដ្ឋ37 3-0120 ហើយរថយន្តបន្តបន្តទៅបុកពីក្រោយរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-7900 រុញទៅបុកពីក្រោយ រថយន្តកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល 2B-4161 ។ហេតុការណ៍ខាងលើ បណ្តាលឱ្យនារីខ្មែរឥស្លាម ជិះម៉ូតូស្កុបពី បានស្លាប់បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។

តាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា នារីរងគ្រោះជិះម៉ូតូចេញពីស្តា នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ខណៈដែលធ្វើដំណើរដល់ចំណុចខាងលើ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពវិញ ជាអកុសលបានស្លាប់ ។

ក្រោយកើតហេតុ រថយន្តទាំង៤គ្រឿង ម៉ូតឋុមួយគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.