សិល្បៈជាតិ៖ នៅ​មិនទាន់បាន​ផ្ញើ​តំណែង​ឱ្យ​ស្រួលបួល​យ៉ាងណា​ផង​នោះ រឿងចម្រូងចម្រាស់​តែង​កើតមាន​ជា​ហូរហែ​ចំពោះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ។ ថ្មីៗនេះ លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា បាន​ចេញមក​ផ្លោង​សម្ដី​តបត​ទៅកាន់​រៀមច្បង​សិល្បៈ​ខ្លះ​ដែល​និយាយ​ដៀមដាម​ញុះ​ញ​ង់​ឱ្យ​ហ្វេនៗជេរ​វាយប្រហារ​ខ្លួន ដោយ​លោកជំទាវ​បាននិយាយសង្ក​ត់ន័យធ្ងន់ៗថា តើ​នេះ​ជា​គំរូ​ល្អ​របស់​សិល្បករ​មែន​ទេ?

នៅ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤នេះ លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា រៀបរាប់​យ៉ាង​ដូច្នោះ៖ «សិល្បករ​រៀមច្បង​ខ្លះ នៅតែ​ព្យាយាម​និយាយ​ប៉ះពាល់​ដល់​តួនាទី​ប្រធាន​សមាគម​សិល្បៈដដែលៗសឹង​គ្រប់ការ Live របស់គាត់ កន្លង​មក​រៀមច្បង​តែង​និយាយ​ក្នុងការ Live ជា​រៀង​រាល់ពេល គឺ តែង រិះគន់​ខ្ញុំ​ផង ចោទប្រកាន់​ខ្ញុំ​ផង មើលងាយ​ខ្ញុំ​ផង ជាន់ឈ្លី​កិត្តិយស​តួនាទី​ការងារ​ខ្ញុំ​គ្រប់បែបយ៉ាង ទាំង​នាង​ខ្ញុំ​មិន​តបត​អ្វី​សោះ ហើយ​នាង​ខ្ញុំ​ក៏បាន​បកស្រាយ​ដោយ​សុជីវធម៌​រួចមកហើយ តែ​រៀមច្បង​នៅតែ​មិន​ស្តាប់ ឬ ធ្វើ​ពើ​និង​នៅតែ​បំពាន បំផ្លើស មុសា​នាង​ខ្ញុំ​គ្រប់បែបយ៉ាង  នេះ​ឬ​ទង្វើ​គំរូ​ដ៏​ល្អ​របស់​សិល្បករ សិល្បការ​នី​រៀមច្បង​ដែល​ចង់អោយក្មេងៗគោរព​យក​គំរូ​តាម ? »

លោកជំទាវបន្ត «បើ​ចង់ឱ្យ​ខ្ញុំ​ឆាប់​ចុះ​ចេញពី​តំណែង​នេះ​តាមចិត្ត​រៀមច្បង​សូម​រៀមច្បង​ប្រើការ​អត់ធ្មត់​បែប​មនុស្ស​ដែលមាន​ចរិត​ចាស់ទុំ​ខ្លះទៅ  ព្រោះ​នាង​ខ្ញុំ​បានប្រកាស​ហើយ​ថា នឹងមិន​ឈរឈ្មោះ​បោះឆ្នោត​ទៀត​ទេ ទោះបីជា​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​សិល្បករ​ចាស់ជរា និង​បងប្អូន​សិល្បៈ​ជាច្រើន​ក្ដី ហើយ​ខ្ញុំ​ចង់​បញ្ជាក់ប្រាប់​រៀមច្បង​ថា មិនមែន​ខ្ញុំ​មិនអាច​ត្រឡប់មក​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​បាន​ដោយយោង​តាម​ការ​ខម​មិន​រិះគន់​របស់​មហាជន​ដូច​រៀមច្បង​ចោទ​នោះទេ   បើ​រៀមច្បង​ចង់យក​ប្រជាប្រិយភាព តាមរយះ​ការ​ខម​មិន​របស់​មហាជន​មក​រើស​ប្រធាន​សមាគម​សិល្បៈ​ក្នុង​អាណត្តិ​ថ្មី ក្នុងនោះ​ក៏មាន​បេក្ខភាព​រៀមច្បង​ម្នាក់​ដែរ​ដែល​មហាជន​មិន​គាំទ្រ។

នាង​ខ្ញុំ​គ្រាន់តែ​ចង់យក​ពេលដែល​នៅ​សេសសល់ ខិតខំ​បំពេញ​តួនាទី​ក្នុងនាម​ជា​ប្រធាន​សមាគម​ឱ្យ​បានល្អ​តែប៉ុណ្ណោះ ជាពិសេស​គឺ​រៀបចំ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​សម្រាប់​អាណត្តិ​ថ្មី​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ឆន្ទៈ​សិល្បករ​ម្ចាស់​សន្លឹកឆ្នោត ដូច្នេះ​សូម​រៀមច្បង​ទុក​ឱកាស​អោយ​ខ្ញុំ​បំពេញ​តួនាទី​អោយបាន​ចប់​ចុង​ចប់​ដើម​ផង ខ្ញុំ​មិន​ដើរចេញ​មុន​កំណត់​ដូច​រៀមច្បង​និយាយ​បំពាន​ការពិត​ពី​ខ្ញុំ​នោះទេ។ »

លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា បាន​បន្តថា «ដោយឡែក​ចំពោះ​បញ្ហា​ស្វែងរក​ទីផ្សារ​ជូន​ដល់​សិល្បករ គឺ សមាគម​មិនមាន​អំណាច​ឬ​បុព្វ​សិទ្ធ​ពិសេស​អ្វី​ក្នុងការ​ស្វែងរក​ការងារ​ជូន​សិល្បករ​បាន​គ្រប់គ្នា​នោះទេ ប៉ុន្តែ​សមាគម​គ្រាន់តែ​មានលទ្ធភាព​ត្រឹម​ការអំពាវនាវ​ដល់​សិល្បករគ្រប់ៗរូប ឱ្យ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព បង្កើត​ការទំនាក់ទំនង​ល្អ  និង បង្កើន​ប្រជាប្រិយភាព​ឱ្យ​កាន់តែខ្លាំង ព្រោះថា​ស្ថានភាព​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​សិល្បៈ​គឺមាន​ទំ​ហំធំ​ទូលំ​ទំលាយ សិល្បករថ្មីៗរះ​មក​ច្រើន ឯ​តំរូវការ​ការងារ​គឺ​នៅមានកំរិត ចាំបាច់ម្នាក់ៗត្រូវខិតខំ​ខ្លួនឯង​ផងដែរ ហើយក៏​អាស្រ័យទៅលើ​អត្តចរិត​បុគ្គលម្នាក់ៗដែល​ធ្វើការ​ចុះសម្រុង​ជាមួយ​ក្រុមការងារ និង ការទំនាក់ទំនង​ល្អ​និង​សង្គម  ។ ហើយ​ការចោទប្រកាន់ថា​សមាគម​បក្សពួក តើ​បក្សពួក​ត្រង់ចំណុច​ណា ចំពោះ​អ្នកណាខ្លះ ឬ យក​បញ្ហា​ផ្ទាល់​ខ្លួនឯង​មក​ចោទ​សមាគម ? ចំពោះ​បញ្ហា​របស់​រៀមច្បង​កន្ល​ង​មក​គឺ ប្រធាន​ក្រុមប្រឹក្សាភិបាល​ជា​អ្នកធ្វើការងារ​នេះ​ជាមួយ​រៀមច្បង តែ​រៀមច្បង​នៅតែ​ទាមទារ​អោយ​ប្រធាន​ចេញមុខ​ដោយផ្ទាល់ ។ »

លោកជំទាវបន្ថែមថា «តើ​រៀមច្បង​ចង់បាន​អ្វី​ឱ្យ​ប្រាកដ  បើ​រៀមច្បង​ចង់បាន​ភាពកក់ក្តៅ​ការសួរសុខទុក្ខ​ពី​ប្រធាន ចាំបាច់​អ្វី​រៀមច្បង​ជ្រើស​យក​ការ Live និយាយ​បែប​ដៀមដាម​ញុះ​ញ​ង់​ឱ្យ​ហ្វេនៗរបស់​រៀមច្បង​មក​ជេរ​វាយប្រហារ​ខ្ញុំ​ជា​ប្រធាន​ធ្វើ​អី ?

សូមកុំ​ព្យាយាម​ចង្អុល​មក​អ្នកដទៃ ដោយ​ភ្លេច​ថា ម្រាមដៃ៤ទៀត បាន​ចង្អុល​មក​ខ្លួនឯង។ នាង​ខ្ញុំ​ជឿជាក់ថា សាធារណជន​មួយចំនួន  ថ្នាក់ដឹកនាំ ជាពិសេស​បងប្អូន​សិល្បករ-សិល្បការិនី មួយចំនួនធំ​លោក​យល់ច្បាស់ ហើយ​និង​បានដឹង​ពី​ទង្វើ​របស់​រៀមច្បង​កន្ល​ង​មក​និង​បចុប្បន្ន ព្រោះ​លោក​មាន​សុភ​វិនិច្ឆ័យ​គ្រប់គ្រាន់​ដើម្បី​ចូលរួម និង​គាំទ្រ​សមាគម​សិល្បករ​ខ្មែរ។»

ចុងក្រោយ​នេះ លោកជំទាវ ច​ន ច័ន្ទ​លក្ខិណា  បាន​បញ្ជាក់ថា «ក្រុមប្រឹក្សាភិបាល​របស់​សមាគម​សិល្បករ​ខ្មែរ កំពុងតែ​រៀបចំ​និតិ​វិធី និង គោលការណ៍​ក្នុងការ​បោះឆ្នោត ជាមួយ និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ខែកក្កដា​ខាងមុខនេះ។ យើងខ្ញុំ​នឹង​ជូនដំណឹង​កាលបរិច្ឆេទ​ជាក់លាក់​ជូន​បងប្អូន។ សម្រាប់​បងប្អូន​ដែលមាន​បំណង​ចង់​ឈរឈ្មោះ​ជា​ប្រធាន សូម​បងប្អូន​ទំនាក់ទំនង​មក​លេខ​ទូរ​សព្ទ 017 990 332។  សូម​ទទួល​ការគោរព​ពី​នាង​ខ្ញុំ »៕

Share.