វែលលីងតុន៖ ក្រសួងការបរទេសនូវែលហ្សេឡង់ បាននិយាយនាថ្ងៃអង្គារ ទី១២ ខែមីនា នេះថា ជនជាតិនូវែលហ្សេឡង់ ២នាក់បានស្លាប់ ១នាក់រងរបួស បន្ទាប់ពីមានការរអិលបាក់ផ្ទាំងទឹកកកពីលើភ្នំនៅប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

ក្រសួងការបរទេសរបស់ប្រទេសនូវែលសេឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប៉ូលីសជប៉ុនបានបញ្ជាក់ថា ជនជាតិនូវែលសេឡង់ ២នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសស្មា បន្ទាប់ពីមានការបាក់ផ្ទាំងទឹកកកពីលើភ្នំ»។ ប៉ូលីសបន្ដថា «ពួកគេមានគ្នា ៣នាក់ ដោយបាននាំគ្នាជិះស្គីនៅតំបន់ភ្នំ Yotei មានចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីទីក្រុង Sapporo លើកោះ Hokkaido»។

ដោយឡែកអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសខាងលើបាន​និយាយ​ថា​៖ «​ស្ថានទូត​នូវែលសេឡង់​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​កុងស៊ុល​ដើម្បីជួយ​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​ពាក់ព័ន្ធ»។ ប៉ុន្ដែ គ្មានការអត្ថាធិប្បាយបន្ថែមទេ ដោយសារហេតុផលឯកជនភាព។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេសជប៉ុន មនុស្ស២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងអាការៈមិនដឹងខ្លួន បន្ទាប់ពីមានការរអិលធ្លាក់ទឹកកកពីលើភ្នំ ហើយក្រោយ​មក​ត្រូវ​បាន​គេ​ប្រកាស​ថា​ បានស្លាប់ ខណៈម្នាក់ទៀតគេមិនបានបង្ហាញអត្តសញ្ញាណ គឺរងរបួស៕

ប្រភព៖ CNA

Share.