សិល្បៈជាតិ៖ លើកទីមួយបានមកដល់ទឹកដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា និងបានឃើញផ្ទាល់ភ្នែកអច្ឆរិយៈវត្ថុដ៏អស្ចារ្យក្នុងលោក គឺប្រាសាទអង្គរវត្តដូចចិត្តប៉ង បុរសបារាំងដែលមានតំណែងធំជាអគ្គនាយកមន្ទីរពិសោធន៍ផលិតផលសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ទំនងជាជាប់ចិត្តជាប់ស្នេហ៍នឹងទេសភាពស្រុកខ្មែរ ម្ហូបខ្មែរ ហើយដល់មានឱកាសបានជិះរទេះគោខ្មែរទៀត គឺញ៉ាមតែម្ដង បានជិះហើយលែងចង់ចុះ។

តាមរយៈទំព័រហ្វេសប៊ុកលោកជំទាវអគ្គនាយកស៊ីប៊ែលប៉ារីស សុខ រស្មី បានបង្ហោះរូបថតអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលលោកជំទាវបាននាំបុរសបារាំង និងគូស្នេហ៍ជិះរទេះគោខ្មែរ ដើរលេងកម្សាន្ត និងទស្សនាភូមិដ្ឋានក្នុងខេត្តសៀមរាប ដោយលោកជំទាវបានពោលថា៖ «នាំបារាំងជិះគោ នៅក្នុងសហគមន៍ភូមិបាគង កុំភ្លិចសាកល្បងម្តងមួយជីវិតត្រូវសាកជិះរទេះគោម្តង» ជាមួយនឹងបទពិសោធថ្មីទើបតែបានជិះរទេះគោម្ដងក្នុងជីវិត តែអគ្គនាយកមន្ទីរពិសោធន៍ជនជាតិបារាំងបានបង្ហាញទឹកមុខរីករាយ និងត្រេកអរជាទីបំផុត ព្រោះត្បិតថាកន្លងមកធ្លាប់តែជិះរថយន្តទំនើបៗ តែពេលបានមកជិះរទេះគោទើបដឹងថាមធ្យោបាយធ្វើដំណើរបែបបុរាណខ្មែរ សប្បាយដល់កម្រិតណា។»

មិន​ត្រឹម​តែ​រទេះគោនោះ​ឡើយ​ដែល​ចងចិត្ត​បុរស​អភិជន​បារាំង​រូប​នេះ​សូម្បីតែខ្សែដៃ​កផ្កា​រំដួល មួកស្លឹកចាកខ្មែរ ក្រម៉ា និង​អាវអង្គរ ក៏​ត្រូវ​បាន​លោក​ពេញ​ចិត្ត​និង​ពាក់​មិន​ចង់ដោះ​នោះ​ដែរ។

មនុស្សជាច្រើនបានសម្ដែងអារម្មណ៍រីករាយនិងកោតសរសើរដល់លោកជំទាវ សុខ រស្មី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានផ្ទាល់ខ្លួនជូនបុរសបារាំងនិង​គូជីវិត​ ដើរលេងកម្សាន្ត ដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ និងទេសចរណ៍ខ្មែរ ម្ហូបអាហារខ្មែរ ក៏ដូចជាសំលៀកបំពាក់បុរាណខ្មែរ ព្រោះកន្លងៗមក ប្រទេសជិតខាងរមែងចូលចិត្តបំភ្លៃ និងកាឡៃ ដូច្នេះហើយ​សកម្មភាព​លោកជំទាវនេះ​កំពុង​តេ​ បង្ហាញឱ្យពិភពលោក មើលឃើញថា សំលៀកបំពាក់បុរាណបែបខ្មែរ មិនបានចម្លងពីថៃនោះឡើយ តែជារបស់ខ្មែរយើងពិតៗតាំងពីបុរាណកាលមក៕

Share.