ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង នៅ​ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​ កីឡាករជម្រើសជាតិទោចក្រយាន ផ្នែកកង់គួកចំនួន៣រូប និងគ្រូបង្វឹកចំនួន១រូប បាន​បន្ត​ចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ។

បើ​តាម​ការ​បញ្ជាក់​របស់​​សហព័ន្ធ​កីឡា​ទោចក្រយាន បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ពុធ នេះ​ក្រុម​​កម្ពុជា បាន​ទៅ​ដល់​ប្រទេស​ប៉ូឡូញ ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កង់​គួក​ពានរង្វាន់​ CCC Tour Grody Piastowskie UCI Europe Tour កម្រិត២.២។ ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

ប្រភព​បន្ត​ថា​សម្រាប់ការប្រកួតនេះជាការប្រកួតដកស្រង់បច្ចេកទេស និង​ការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​ក្រុម​កីឡាករ​របស់​​កម្ពុជា ដែល​ពួក​គេ​បាន​ធ្វើការ​ហ្វឹកហាត់​រយៈពេល​២​ខែ​កន្លង​មក​នៅ​ប្រទេសបារាំង ជាមួយ​សមាគមកីឡាទោចក្រយានកម្ពុជា Cambodia Cycling Academy។

នេះ​ជា​ការ​ប្រកួត​លើក​ទី២​ហើយ​របស់​ក្រុម​កម្ពុជា បន្ទាប់​ពី​បាន​ចូលរួម​ប្រកួត​កម្មវិធី​ប្រណាំង Tour of Szeklerland របស់​ប្រទេស​រ៉ូម៉ានី កាល​ពី​ដើម​ខែ​​សីហា ថ្មីៗ​នេះ។

សូម​បញ្ជាក់​​កម្ពុជា បញ្ជូន​ក្រុម​ជម្រើស​ដើម្បី​ខ្លួន​​ទៅ​ហ្វឹកហាត់​និង​ប្រកួត​ក្នុង​ទ្វីប​អឺរ៉ុប នេះ​គឺ​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ការ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

Telegram-Troryorng
Share.